ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងកូរ៉េខាងជើង បានចុះផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមក ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ចំពេលមានការរំពឹងទុកអំពី ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់
នៅក្នុងសារ លោក ស៊ី បានឲ្យដឹងថា លោក “វាយតម្លៃខ្ពស់” ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយថាប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងជើង ដើម្បី “ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួល ធ្វើឱ្យការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងបន្តសរសេរជំពូកថ្មី” សម្រាប់មិត្តភាពទ្វេភាគី។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានចុះផ្សាយថា ទំនាក់ទំនងមិត្តភាពទ្វេភាគី បានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍន៍ ហើយកូរ៉េខាងជើងនឹង “ខិតខំជាលំដាប់ ដើម្បីបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ” ជាមួយប្រទេសចិន តាមតម្រូវការនៃយុគសម័យថ្មី។
ប្រទេសចិន គឺជាអ្នកទទួលផលសេដ្ឋកិច្ច រយៈពេលវែងរបស់កូរ៉េខាងជើង ប៉ុន្តែពាណិជ្ជកម្មរបស់ខ្លួនជាមួយ ប្រទេសជិតខាងតូចជាងរបស់ខ្លួន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នៅតែទាបជាងកម្រិតមុនកូវីដនៃឆ្នាំ២០១៩ ទោះបីជាមានការបន្តឡើងវិញ នៃការដឹកជញ្ជូនទំនិញទ្វេភាគីបន្ទាប់ពី ការបន្ធូរបន្ថយការរឹតបន្តឹងទាក់ទង នឹងជំងឺរាតត្បាតក៏ដោយ។
អ្នកសង្កេតការណ៍មួយចំនួន បានចង្អុលបង្ហាញពីសញ្ញានៃ ការធ្លាក់ចុះនៃទំនាក់ទំនងបន្ទាប់ពីលោក គីម និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាព ជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយកាលពីខែមិថុនា ដែលជំរុញកិច្ចសហប្រតិបត្តិការ យោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ៕
ប្រែសម្រួល ឈូក បូរ៉ា