ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កោះហៅ​បេសកជន​អូស្ត្រាលី ជុំវិញ​ជំហរ លំអៀង លើ​ការ​វិវត្ដន៍នៃស្ថានភាពក្នុង​តំបន់

AAP

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ជុំវិញ “ជំហរលំអៀង” របស់រដ្ឋាភិបាលលោក ចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗនេះ នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ នៅទីក្រុងតេអេរ៉ង់លោក Ian McConville ត្រូវបានកោះហៅដោយលោក Ali Asghar Mohammadi អគ្គនាយកនៃនាយកដ្ឋានអាស៊ីបូព៌ា និងអូសេអានី នៅក្រសួងការបរទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួង។

ការកោះហៅនេះធ្វើឡើងនៅពេលដែល នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese កាលពីថ្ងៃពុធបានថ្កោលទោសការ វាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។  លោក Peter Dutton មេដឹកនាំប្រឆាំងរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រក៏បានអំពាវនាវឱ្យមាន ការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអូស្ត្រាលី ផងដែរ។

នៅក្នុងជំនួបនោះ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានតវ៉ាចំពោះជំហរ “អយុត្តិធម៌ និងលម្អៀង” របស់រដ្ឋាភិបាលអូស្ត្រាលី ហើយបានថ្កោលទោស ភាពស្ងៀមស្ងាត់របស់ខ្លួន ចំពោះមុខ ការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងហ្គាហ្សា និងលីបង់។

លោក Mohammadi បានរំលឹកឡើងវិញនូវការអំពាវនាវរបស់អ៊ីរ៉ង់ ឱ្យបញ្ឈប់ជាបន្ទាន់នូវ “អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់” ដោយអំពាវនាវឱ្យអូស្ត្រាលី និងអ្នកគាំទ្រលោកខាងលិចផ្សេងទៀត របស់អ៊ីស្រាអែល ដើរតួនាទីទទួលខុសត្រូវ ចំពោះទីបញ្ចប់នៃជម្លោះទាំងនោះ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានរៀបរាប់លម្អិតអំពីសកម្មភាព របស់រដ្ឋាភិបាលរបស់លោកក្នុងការ សម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងលីបង់ ដោយធានាថា លោកនឹងបញ្ជូនការតវ៉ាជាផ្លូវការរបស់អ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលអូស្ត្រាលី ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top