បរទេស ៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា FBI បានចាប់ខ្លួនបុរសជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ដែលមន្ត្រីនិយាយថា ត្រូវបានបំផុសគំនិតដោយអង្គការ សកម្មប្រយុទ្ធរដ្ឋឥស្លាម ហើយកំពុងរៀបចំផែនការ វាយប្រហារនៅថ្ងៃបោះឆ្នោត សំដៅលើហ្វូងមនុស្ស ដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសឈ្មោះ Nasir Ahmad Tawhedi អាយុ ២៧ ឆ្នាំ មកពីទីក្រុង Oklahoma រដ្ឋ Oklahoma បានប្រាប់អ្នកស៊ើបអង្កេត បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃចន្ទថា គាត់បានរៀបចំផែនការ វាយប្រហាររឱ្យស្របនឹងថ្ងៃបោះឆ្នោត នៅខែក្រោយហើយថា គាត់និងអ្នករួមគំនិតជាអនីតិជន ដែលរំពឹងថា នឹងស្លាប់ក្នុងនាមជំនឿ , នេះបើយោងតាមឯកសារចោទប្រកាន់។
Tawhedi ដែលបានចូលសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ តាមទិដ្ឋាការជនអន្តោប្រវេសន៍ពិសេស បានចាត់វិធានការក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជំរុញផែនការវាយប្រហាររបស់គាត់ រួមទាំងដោយបញ្ជាទិញកាំភ្លើង AK-47 , ការទូទាត់ទ្រព្យសម្បត្តិគ្រួសាររបស់គាត់ និងទិញសំបុត្រសម្រាប់ប្រពន្ធ និងកូនរបស់គាត់ ដើម្បីធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន។
លោក Christopher Wray នាយក FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អំពើភេរវកម្មនៅតែជាអាទិភាពទី 1 របស់ FBI ហើយយើងនឹងប្រើប្រាស់ធនធានទាំងអស់ដើម្បីការពារប្រជាជនអាមេរិក” ។
បន្ទាប់ពី Nasir Ahmad Tawhedi ត្រូវបានចាប់ខ្លួន ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា លោក Tawhedi បានប្រាប់អ្នកស៊ើបអង្កេតថា គាត់មានគម្រោងវាយប្រហារនៅថ្ងៃបោះឆ្នោតដែលនឹងកំណត់គោលដៅប្រមូលផ្តុំមនុស្សច្រើន៕
ប្រែសម្រួលៈ ណៃ តុលា