វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពន្យារពេលដំណើរទស្សនកិច្ច នៅក្រៅប្រទេស ដែលនឹងនាំលោកទៅកាន់ ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា នៅចុងសប្តាហ៍នេះ ហើយជំនួសមកវិញជាមួយនឹងផ្តោតលើការ ត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារ ដែលរំពឹងទុកនៃព្យុះសង្ឃរា Milton នៅរដ្ឋផ្លរីដា ។
អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា “ដោយមើលឃើញពីគន្លង និងកម្លាំងនៃព្យុះសង្ឃរឋ Milton ប្រធានាធិបតីលោក ចូ បៃដិន កំពុងពន្យារពេលការធ្វើដំណើរនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងព្យុះនេះ បន្ថែមពីលើការឆ្លើយតបជាបន្ត ចំពោះផលប៉ះពាល់នៃព្យុះសង្ឃរា Helene នៅទូទាំងភាគអាគ្នេយ៍ប្រទេស”។
លោកប្រធានាធិបតី បានចំណាយពេលមួយព្រឹកនៅក្នុងសេតវិមាន ដោយទទួលបានព័ត៌មាន សង្ខេបអំពីការឆ្លើយតបរបស់រដ្ឋាភិបាល សហព័ន្ធចំពោះព្យុះសង្ឃរា Helene និងការត្រៀមលក្ខណៈសម្រាប់ព្យុះសង្ឃរា Milton ហើយបន្ទាប់មកផ្តល់ព័ត៌មានថ្មីៗអំពីកិច្ចខិតខំប្រឹងប្រែងទាំងនោះ។
លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា ពន្យល់ពីការពន្យារពេល នៃការធ្វើដំណើរទៅបរទេសរបស់លោកថា “យើងនឹងបន្តផ្ដោតលើអ្វីដែលនៅខាងមុខយើងនៅពេលនេះ”។
យោងតាមផែនការដើម លោក បៃដិន គ្រោងនឹងចាកចេញ ពីថ្ងៃព្រហស្បតិ៍ទៅកាន់ទីក្រុងប៊ែរឡាំង ជាកន្លែងដែលលោកនឹងកោះប្រជុំ ក្រុមទំនាក់ទំនងការពារជាតិ អ៊ុយក្រែន សម្រាប់កិច្ចប្រជុំមួយ ដើម្បីសម្របសម្រួលការគាំទ្រ សម្រាប់អ៊ុយក្រែន បន្ទាប់មកលោកនឹងធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងនៃប្រទេសអង់ហ្គោឡា ៕
ប្រែសម្រួល ឈូក បូរ៉ា