ព័ត៌មានអន្តរជាតិ

អាស៊ាន អំពាវនាវ​ឲ្យ​មាន​សន្តិភាព ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​មន្ត្រី​យោធា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល

AFP

វៀងច័ន្ទន៍៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានស្វាគមន៍ការចូលរួម របស់មន្ត្រីយោធាមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃពុធ ប៉ុន្តែបានសង្កត់ធ្ងន់លើជំហររបស់ពួកគេ ក្នុងការមិនអនុញ្ញាតឱ្យប្រមុខរបបយោធា ចូលរួមកិច្ចប្រជុំបែបនេះដោយគ្មាន “វឌ្ឍនភាពជាក់ស្តែង” លើផែនការសន្តិភាព ដែលបានព្រមព្រៀងគ្នារវាងមីយ៉ាន់ម៉ា និងសមាជិកអាស៊ានដទៃទៀត បន្ទាប់ពី  រដ្ឋប្រហារកាលពីឆ្នាំ២០២១ ។

មេដឹកនាំបានឯកភាពលើចំណុចនេះ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវៀងច័ន្ទន៍ របស់ឡាវ ដោយកត់សម្គាល់កិច្ចប្រជុំកំពូល អាស៊ានទៀងទាត់លើកដំបូង ដែលចូលរួមដោយតំណាងមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។

របបយោធាធ្លាប់បានធ្វើពហិការ មិនចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន បន្ទាប់ពីប្រទេសសមាជិកផ្សេងទៀត បានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឱ្យមានតែតំណាង មិននយោបាយមកពីប្រទេសចូលរួម ដោយមិនរាប់បញ្ចូលប្រធានរបបយោធា។

យោងតាមប្រភពបានឱ្យដឹងថា មេដឹកនាំអាស៊ានបានជំរុញ “ភាគីពាក់ព័ន្ធ និងភាគីទាំងអស់” នៅក្នុងសង្គ្រាមស៊ីវិល ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសកងកម្លាំងយោធា និងសន្តិសុខ ឱ្យកាត់បន្ថយអំពើហិង្សា និងបញ្ឈប់ការវាយប្រហារជា គោលដៅទៅលើជនស៊ីវិល និងកន្លែងសាធារណៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top