ព័ត៌មានអន្តរជាតិ

មហាសន្និបាតអង្គការ សហប្រជាជាតិ បោះឆ្នោតជ្រើសតាំងសមាជិកចំនួន១៨រូបឲ្យកាន់តួនាទីជា ក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ៣ឆ្នាំ

xinhua

អ.ស.ប ៖ កាលពីថ្ងៃពុធ មហាសន្និបាតអង្គការ សហប្រជាជាតិ បានជ្រើសរើសសមាជិកចំនួន១៨រូប ឲ្យកាន់តួនាទីជាក្រុមប្រឹក្សា សិទ្ធិមនុស្សដែលមាន សមាជិក៤៧រូប សម្រាប់អាណត្តិឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ។

ប្រទេសទាំង១៨នោះរួមមាន ៖ ប្រទេស បេនីន បូឡាវី កូឡុំប៊ី Cyprus, Czechia សាធារណរដ្ឋកុងហ្គោ, អេត្យូពី ហ្គាំប៊ី  អ៊ីស្លង់ កេនយ៉ា, Marshall Islands, ម៉ិកស៊ិក, North Macedonia, កាតា កូរ៉េខាងត្បូង អេស្ប៉ាញ ស្វីស និងប្រទេសថៃឡង់ដ៏ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសន្លឹកឆ្នោតសម្ងាត់ ហើយពួកគេនឹងបម្រើអាណត្តិរយៈពេល៣ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយជំនួសសមាជិកដែលអាណត្តិរបស់ពួកគេត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ។

សមាជិកដែលត្រូវផុតអាណ្តត្តិរបស់ខ្លួននោះរួមមាន ប្រទេស អាហ្សង់ទីន បេនីន កាមេរ៉ូន អេរីទ្រា ហ្វាំងឡង់ ហ្គាំប៊ី ហុងឌូរ៉ាស់ ឥណ្ឌា កាហ្សាក់ស្ថាន លីទុយអានី លុចសាំបួ ម៉ាឡេស៊ី ម៉ុងតេណេហ្គ្រោ ប៉ារ៉ាហ្គាយ កាតា សូម៉ាលី អារ៉ាប់រួម និង សហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលបានការ បោះឆ្នោតឡើងវិញភ្លាមៗ លើកលែងតែសមាជិកដែលបានកាន់តំណែង២អាណត្តិជាប់គ្នា រួមមាន អាហ្សង់ទីន កាមេរ៉ូន អេរីទ្រា ឥណ្ឌា និងសូម៉ាលី ទេដែលមិនមានសិទ្ធិ ។

ប្រទេសអាល់បានី អាល់ហ្សេរី បង់ក្លាដេស ប៊ែលហ្ស៊ិក ប្រេស៊ីល ប៊ុលហ្គារី ប៊ូរុនឌី ឈីលី ចិន កូស្តារីកា កូឌីវ័រ គុយបា សាធារណរដ្ឋដូមីនីកែន បារាំង ហ្ស៊កដានី អាល្លឺម៉ង់ ហ្គាណា ឥណ្ឌូនេស៊ី ជប៉ុន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ាឡាវី ម៉ាល់ឌីវ ម៉ារ៉ុក ហូឡង់ រូម៉ានី អាហ្វ្រិកខាងត្បូង ស៊ូដង់ និងវៀតណាម នឹងបន្តជាសមាជិកក្រុមប្រឹក្សាដដែល ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ គឺជាស្ថាប័នអន្តររដ្ឋាភិបាលមួយនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិ មនុស្សជុំវិញពិភពលោក។ ប្រហែល១/៣ នៃសមាជិកចំនួន៤៧ របស់ខ្លួនត្រូវបានប្តូរវេនគ្នា ជារៀងរាល់ឆ្នាំ ដូច្នេះសមាជិកក្រុមប្រឹក្សានេះបម្រើរយៈពេល៣ឆ្នាំជាប់ៗគ្នា ដើម្បីជាប្រយោជន៍នៃការបន្តកិច្ចការងារ ។

អាសនៈនៃក្រុមប្រឹក្សាសិទ្ធិ មនុស្សត្រូវបានបែងចែកដោយផ្អែកលើក្រុមក្នុងតំបន់សម្រាប់ជាប្រយោជន៍នៃតំណាងភូមិសាស្ត្រ ចំនួន១៣កន្លែងនីមួយៗ សម្រាប់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក ។ ចំនួន៨កន្លែង សម្រាប់អាមេរិកឡាទីន និងការាបៀន ហើយចំនួន៧កន្លែងសម្រាប់អឺរ៉ុបខាងលិច និងរដ្ឋផ្សេងទៀតនិងចំនួន៦ កន្លែងសម្រាប់អឺរ៉ុបខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top