ព័ត៌មានអន្តរជាតិ

វៀតណាម គ្រោងនឹងហាមឃាត់ ប្រជាជនមិនឱ្យថត សកម្មភាព របស់ប៉ូលីសចរាចរណ៍

VN Express

បរទេស ៖ ក្រសួងសន្តិសុខ សាធារណៈរបស់ប្រទេសវៀតណាម នឹងលុបចោលបទប្បញ្ញត្តិ ដែលអនុញ្ញាត ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឧបករណ៍ថតសំឡេង និងវីដេអូ ដើម្បីតាមដានសកម្មភាព របស់ប៉ូលិសចរាចរណ៍ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សារាចរថ្មីមួយដែលគ្រោង នឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែវិច្ឆិកា គឺណែនាំការផ្លាស់ប្តូរអំពីរបៀប ដែលប្រជាពលរដ្ឋអាចសង្កេតមើលអាជ្ញាធរ ដែលមានភារកិច្ចរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

នៅក្រោមគោលការណ៍ណែនាំថ្មីនេះ គឺការប្រើប្រាស់ឧបករណ៍ថតសំឡេង នឹងមិនត្រូវបានអនុញ្ញាតទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែអាចត្រួត ពិនិត្យប៉ូលីសចរាចរណ៍ តាមរយៈមធ្យោបាយផ្សេងទៀត ដូចជាការសង្កេតផ្ទាល់ ការទទួលបានព័ត៌មានសាធារណៈ ចូលរួមពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រី ឬដាក់ពាក្យបណ្តឹង ។

សារាចរក៏បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យសាធារណៈមិនត្រូវរំខានដល់មន្ត្រី ដែលបំពេញមុខងាររបស់ខ្លួនឡើយ។ ប្រជាពលរដ្ឋត្រូវបានហាមឃាត់ មិនឱ្យចូលទៅក្នុងតំបន់ ដែលកិច្ចការផ្លូវការកំពុងត្រូវបានអនុវត្ត លុះត្រាតែពួកគេមានសិទ្ធិ ឬការទទួលខុសត្រូវពាក់ព័ន្ធ។

លើសពីនេះ ព័ត៌មានស្តីពីសកម្មភាពនគរបាលសាធារណៈមួយចំនួន ទាក់ទងនឹងការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ដូចជាផែនការល្បាតចរាចរណ៍ជាក់លាក់ នឹងមិនត្រូវបានបង្ហាញ ជាសាធារណៈក្រោមបទប្បញ្ញត្តិ ដែលបានធ្វើបច្ចុប្បន្នភាពទៀតទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top