តូក្យូ ៖ មេដឹកនាំនៃប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងកិច្ចប្រជុំរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសឡាវ ខណៈដែលហ្វីលីពីន បានលើកឡើងពីបញ្ហាភាព តានតឹងបន្តនៅក្នុងសមុទ្រចិនខាងត្បូង ។
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឲ្យដឹងថា ការចរចារវាងអាស៊ាន និងចិនលើការធ្វើឱ្យប្រសើរឡើងនូវ FTA របស់ពួកគេបានឈានដល់ការសន្និដ្ឋាន យ៉ាងសំខាន់ ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយ ដែលរំពឹងទុកនៅឆ្នាំ២០២៥ ដោយថា “នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម គ្នារបស់យើងក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រីកសមាហរណកម្មសេដ្ឋកិច្ច” ។
នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅក្នុងសុន្ទរកថាបើករបស់លោកបានកត់សម្គាល់ថា ប្រជាជនរួមនៃប្រទេសចិន និងប្រទេសអាស៊ានទាំង១០ មានចំនួនមួយភាគបួន នៃចំនួនសរុបរបស់ពិភពលោក ហើយបានហៅធនធានទីផ្សាររបស់ពួកគេថាជា “អត្ថប្រយោជន៍លេចធ្លោបំផុត” ចំពេលមានការកើនឡើង នៃភាពមិនប្រាកដប្រជា និងអស្ថិរភាពពិភពលោក។
លោកបានបន្តថា “ទីផ្សាររបស់យើង នៅតែពង្រីកនិងបើកចំហ ការពង្រឹងការតភ្ជាប់ទីផ្សារគឺជាទិសដៅសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ បន្ថែមទៀតរបស់យើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសឡាវ គឺជាប្រធានក្រុមប្រចាំតំបន់នៅឆ្នាំនេះ។ ប្រទេសចិន បាននិងកំពុងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមាជិកអាស៊ានតាមរយៈការផ្តួចផ្តើមគំនិតរួមទាំងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវដែលចុះហត្ថលេខារបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា