បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការស្ទង់មតិថ្មីមួយបានអះអាងថា ប្រជាជនចំនួនពីរភាគបីនៃពលរដ្ឋប៉ូឡូញជឿថា រដ្ឋាភិបាលរបស់ពួកគេគួរតែ បញ្ជូនបុរសជនជាតិអ៊ុយក្រែន ដែលមានអាយុសម្រាប់ចូលបម្រើយោធា ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។
ការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈ ហៅកាត់ថា CBOS ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន PAP កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ពលរដ្ឋប៉ូឡូញប្រមាណជា ៦៧ភាគរយ នៃពលរដ្ឋប៉ូឡូញទាំងអស់ពេញចិត្ត ចំពោះជនភៀសខ្លួនអ៊ុយក្រែនបុរសទាំងអស់ គួរតែត្រូវបាននិរទេសហើយ ចំនួនមនុស្សដែលគិតថាពួកគេគួរតែ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ក្នុងប្រទេសប៉ូឡូញមានត្រឹមតែ ២២ភាគរយប៉ុណ្ណោះ។
យោងតាមការស្ទង់មតិដដែលបានបង្ហាញទៀតថា ជាងពាក់កណ្តាលនៃពលរដ្ឋប៉ូឡូញឬប្រមាណជា ៥៣ភាគរយ ចង់ឱ្យប្រទេសរបស់ពួកគេបន្តទទួលយក ជនភៀសខ្លួនអ៊ុយក្រែន ទោះជាយ៉ាងណាក៏ដោយ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីការ ផ្ទុះឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដែលត្រលប់ទៅខែមីនា ឆ្នាំ២០២២ ដែលគ្រានោះមានទំហំដល់ទៅ ៩៤ភាគរយ ។
គួរឲ្យដឹងដែរថាក្នុងនោះប្រហែលជា ៤៦ភាគរយ នៃអ្នកដែលបានស្ទង់មតិបានទទូចថា ការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន គួរតែបន្តខណៈដែល៣៩ភាគរយ បាននិយាយថាទីក្រុងគៀវគួរតែធ្វើសម្បទានទឹកដី ឬនយោបាយដល់ទីក្រុងម៉ូស្គូក្នុងគោលបំណង ដើម្បីសម្រេចបានសន្តិភាព។
CBOS ក៏បាននិយាយដែរថា ការស្ទង់មតិដែលក្នុងនោះមនុស្ស៩៤១នាក់ បានចូលរួមត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១២ខែកញ្ញាដល់ថ្ងៃទី២២ ខែកញ្ញាតាមទូរស័ព្ទផង អ៊ីនធឺណិតផង និងតាមរយៈការសម្ភាសន៍ផ្ទាល់៕
ប្រែសម្រួល៖ ស៊ុន លី