បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បានព្រមានប្រទេសចិនប្រឆាំងនឹង ការបង្កហេតុខាងយោធា មកលើកោះតៃវ៉ាន់ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ចំពោះសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំ នៃលទ្ធិប្រជាធិបតេយ្យដែល គ្រប់គ្រងដោយស្វ័យភាព (កោះតៃវ៉ាន់)។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Blinken បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុង សន្និសីទកាសែតនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា “ខ្ញុំអាចប្រាប់អ្នកថា ទាក់ទងនឹងអ្វីដែលគេហៅថា សុន្ទរកថា Ten Ten ដែលជាលំហាត់ទៀងទាត់ ប្រទេសចិនមិនគួរប្រើវាក្នុងទម្រង់ណាមួយ ជាលេសសម្រាប់សកម្មភាពបង្កហេតុនោះទេ” ។
លោកសំដៅទៅលើថ្ងៃទី ១០ ខែតុលា ដែលត្រូវបានគេស្គាល់ថាជា Double Ten Day នៅពេលដែលកោះតៃវ៉ាន់ប្រារព្ធ ការបង្កើតសាធារណរដ្ឋចិនក្នុងឆ្នាំ១៩១២ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីការបះបោរ ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ ១៩១១។
សាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធទិវាជាតិរបស់ខ្លួននៅថ្ងៃទី១ ខែតុលា ដែលជាថ្ងៃបង្កើតប្រទេសក្នុងឆ្នាំ១៩៤៩។
សូមជម្រាបថា ប្រទេសចិនបានបន្តបង្កើនការគំរាមកំហែង ផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ បន្ទាប់ពីសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍របស់ប្រធានាធិបតី លោក Lai Ching-te ដែលបានបដិសេធការអះអាងរបស់ចិន អំពីអធិបតេយ្យភាពលើកោះនេះ៕
ប្រែសម្រួលៈ ណៃ តុលា