ព័ត៌មានអន្តរជាតិ

ចិន បញ្ជូន​ទ័ព​ទៅ​ធ្វើ​ សម​យុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ភ្លាមៗ បន្ទាប់​ពី​លោក Lai ថ្លែង​សុន្ទរកថា

Xinhua

ប៉េកាំង៖ យោធាចិនបានឲ្យដឹងថា ខ្លួនបានបញ្ជូនកងទ័ព ទៅធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ក្នុង “ការព្រមានយ៉ាងម៉ឺងម៉ាត់” ដល់អ្នកដែលស្វែងរកឯករាជ្យភាពរបស់កោះនេះ បន្ទាប់ពីប្រធានាធិបតី នៃដែនដីលោក Lai Ching-te បានអះអាងជាថ្មី កាលពីសប្តាហ៍មុនថា ភាគីទាំងពីរមិនចុះចាញ់គ្នាទៅវិញទៅមក។

បញ្ជាការរោងមហោស្រពភាគខាងកើត ដែលគ្របដណ្ដប់លើ ច្រកសមុទ្រតៃវ៉ាន់ បានឲ្យដឹងថា សមយុទ្ធចាប់ពីថ្ងៃចន្ទនេះ គឺជា “ប្រតិបត្តិការស្របច្បាប់ និងចាំបាច់ សម្រាប់ការពារអធិបតេយ្យភាពរដ្ឋ និងឯកភាពជាតិ” ហើយគេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សមយុទ្ធ​នឹង​បញ្ចប់​ នៅ​ពេល​ណា​នោះ​ទេ។

ក្រសួងការពារជាតិតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះថាជា “អាកប្បកិរិយាមិនសមហេតុផល និង បង្កហេតុ” ហើយបានឲ្យដឹងថា ខ្លួនបានបញ្ជូន “កងទ័ពសមស្រប” ដើម្បីការពារ “សេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព របស់កោះ” ។

ក្រុមប្រឹក្សាកិច្ចការដីគោក របស់កោះនេះបាននិយាយថា សមយុទ្ធនេះ “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបានប្តេជ្ញាថា ក្រុងតៃប៉ិ នឹងមិនដកថយ ឬចុះចាញ់ នៅចំពោះមុខការគំរាមកំហែង ផ្នែកនយោបាយ យោធា សេដ្ឋកិច្ច និង ការគំរាមកំហែងផ្សេងទៀត ពីបក្សកុម្មុយនិស្តចិន។

សមយុទ្ធនៅច្រក សមុទ្រតៃវ៉ាន់ និងតំបន់នៅភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ មានការចូលរួម ពីកងទ័ពចិន កងទ័ពជើងទឹក ជើងអាកាស និងគ្រាប់រ៉ុក្កែត ហើយផ្តោតលើការល្បាតត្រៀម ប្រយុទ្ធតាមផ្លូវអាកាស ការបិទច្រក និងតំបន់សំខាន់ៗ និងការវាយលុក លើគោលដៅដែនសមុទ្រ និងដីគោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top