បរទេស៖ ប្រជាពលរដ្ឋរបស់ប្រទេសថៃបានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១០.០០០ បាត ស្មើនឹង ៣០០ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ពីកម្មវិធីផ្តល់ជំនួយដ៏ធំបំផុត មិនធ្លាប់មានរបស់ប្រទេសដែលមានទឹកប្រាក់រហូតដល់ ៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
អ្នកស្រី Noi Yaemprakhon អាយុ ៦៤ ឆ្នាំនៅខេត្ត Buriram ភាគឦសាននៃប្រទេសថៃ បានស្រក់ទឹកភ្នែកដោយក្ដីរីករាយ បន្ទាប់ពីបានទទួលមូលនិធិកាលពីថ្ងៃទី ២៥ ខែកញ្ញា នៅពេលដែលអំណោយដំបូងត្រូវបានចែកចាយ។
អ្នកស្រីបានចែករំលែកជាមួយកាសែត Bangkok Postថា អ្នកស្រីធ្លាប់រកលុយបានច្រើនក្នុងនាមជាអ្នកលក់ ប៉ុន្តែត្រូវឈប់ដោយសារតែអាយុ សុខភាពចុះខ្សោយ និងខ្វះថវិកាក្នុងការទិញទំនិញ ។ អ្នកស្រីត្រូវមើលថែទាំបងប្អូនបីនាក់ ដែលមានពិការភាពផ្លូវចិត្ត និងចៅបីនាក់ដែលកំពុងសិក្សា ទាំងអស់លើប្រាក់ឧបត្ថម្ភចាស់ជរា និងអត្ថប្រយោជន៍សម្រាប់ អ្នកពិការសម្រាប់បងប្អូនបង្កើត។
លុយចំនួន ១០.០០០ បាតនឹងផ្តល់ឱ្យគ្រួសាររបស់អ្នកស្រី នូវភាពធូរស្រាលដែលត្រូវការច្រើន និងអនុញ្ញាតឱ្យអ្នកស្រីទិញ របស់របរសំខាន់ៗដូចជាអង្ករ ស៊ុត និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត ព្រមទាំងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប និងលក់អាហារដើម្បីរកប្រាក់ចំណូល។ លោកស្រីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលដែលបានជួយដល់ជនក្រីក្រ និងជនពិការ។
អ្នកស្រី Noi Yaemprakhon គឺជាអ្នកកាន់ប័ណ្ណសុខុមាលភាព និងជនពិការចំនួន 14.5 លាននាក់ ដែលបានទទួលប្រាក់ ១០.០០០ បាត នៅដំណាក់កាលដំបូងនៃគម្រោង ចែកអំណោយរបស់រដ្ឋាភិបាលថៃ ដែលសរុបត្រូវបានគេរំពឹងថានឹងចំណាយអស់ ១៤ ពាន់លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងខែមុន។
ដូចអ្នកស្រី Noi ដែរ 86.79% នៃអ្នកទទួលក្នុងដំណាក់កាលដំបូងបាន ប្រើប្រាស់ប្រាក់ឧបត្ថម្ភដើម្បីរ៉ាប់រងការចំណាយប្រចាំថ្ងៃ រួមទាំងវិក្កយបត្រទឹក និងថាមពល នេះបើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិ គ្រប់គ្រងអភិវឌ្ឍន៍របស់ប្រទេសថៃ ដែលដកស្រង់ដោយ The Nation កាលពីថ្ងៃអាទិត្យមុន។ ចំណែកប្រហែល 14.4% បានចំណាយវាលើការសងបំណុល, 13.6% បង់ថ្លៃព្យាបាល និង 7.5% សម្រាប់ថ្លៃសិក្សា៕
ប្រែសម្រួលៈ ណៃ តុលា