ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គោលនយោបាយហិរញ្ញវត្ថុ របស់ចិន ដើរតួនាទី ជាបន្តបន្ទាប់ ដើម្បីជំរុញ ឱ្យម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍទៅរកភាព ល្អប្រសើរ

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំធ្វើសន្និសីទ សារព័ត៌មាន លោក Zheng Shanjie ប្រធានគណៈកម្មាធិការ អភិវឌ្ឍន៍និងកំណែទម្រង់ជាតិចិន ជាដើមបានលើកឡើង អំពីសភាពការណ៍ពាក់ព័ន្ធនឹង ការអនុវត្តជាក់ស្តែងជាប្រព័ន្ធ នូវគោលនយោបាយកំណើន មួយចំនួន ជំរុញយ៉ាងប្រាកដប្រជា ឱ្យសេដ្ឋកិច្ចនិង រចនាសម្ព័ន្ធមានភាពល្អប្រសើរ ក៏ដូចជានិន្នាការ អភិវឌ្ឍន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ។ នៅមុនបុណ្យជាតិចិន ក្នុងសន្និសីទ សារព័ត៌មាន ដែលរៀបចំ ដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវ សំខាន់ នៃធនាគារប្រជាជនចិន អគ្គនាយកដ្ឋានជាតិត្រួតពិនិត្យ និងគ្រប់គ្រងហិរញ្ញវត្ថុ នៃប្រទេសចិននិងគណៈកម្មាធិការ និយតកម្មទីផ្សារមូលបត្រ របស់ចិនបានប្រកាសពីការកែសម្រួល គោលនយោបាយ ដ៏សំខាន់មួយចំនួន ក្រៅពីការបញ្ចុះការប្រាក់ និងបញ្ចុះអត្រាការប្រាក់លើប្រាក់ បញ្ញើទុនបម្រុង កាតព្វកិច្ចជាប្រក្រតី ក៏បានដាក់ចេញវិធានការ មួយចំនួនក្នុងវិស័យ អចលនទ្រព្យ និង ទីផ្សារមូលធនផងដែរ ។ ការរំញោច នៃគោលនយោបាយមួយចំនួន ធ្វើឱ្យទីផ្សារមានជំនឿចិត្តឡើងវិញ ។ ប៉ុន្តែ គោលនយោបាយ ម៉ាក្រូគ្រាន់ តែជាកាតាលីករតែប៉ុណ្ណោះ ជំនឿចិត្តចំពោះកំណើន សេដ្ឋកិច្ចក្នុងរយៈពេលយូរ នៅតែត្រូវមើលពីភាពធន់នៃសេដ្ឋកិច្ច របស់ចិនទៀត ។

សំដៅចំពោះសភាពការណ៍ថ្មី និងបញ្ហាថ្មីក្នុងដំណើរ ការសេដ្ឋកិច្ច របស់ចិននាពេលបច្ចុប្បន្ន វិធានការជាក់ស្តែង នៃគោលនយោបាយមួយចំនួនសំខាន់ គឺបូករួមទាំង៥វិស័យ៖ គឺបង្កើនកម្លាំងអនុវត្តគោលនយោបាយម៉ាក្រូប្រកប ដោយប្រសិទ្ធភាព ពង្រីកតម្រូវការផ្ទៃក្នុង ថែមមួយកម្រិតទៀត បង្កើនកម្លាំងគាំទ្រសហគ្រាស ជំរុញឱ្យទីផ្សារ អចលនទ្រព្យបញ្ឈប់ការធ្លាក់ ចុះនិងមានស្ថិរភាពឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងលើកស្ទួយទីផ្សារមូលធន ។ ការលើកកម្ពស់លក្ខណៈចំគោលដៅ និងភាពត្រឹមត្រូវនៃគោលនយោបាយក៏បានកែលម្អយ៉ាងច្បាស់លាស់នូវការប៉ាន់ប្រមាណក្នុងទីផ្សារដែរ ។
ក្រសួងសំណង់លំនៅឋាន ទីក្រុងនិងជនបទរបស់ចិន បានទម្លាយឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកមើលផ្ទះ និងចំនួនលក់ដូរនៃទីផ្សារ អចលនទ្រព្យ នៃតំបន់ជាច្រើនសុទ្ធ តែមានកំណើនក្នុងកម្រិតទីទៃគ្នា ហើយចំនួនអ្នកទៅមើលផ្ទះ នៃគម្រោងអចលនទ្រព្យ ភាគច្រើន ដែលចូលរួមការលក់បញ្ចុះតម្លៃ បានកើនឡើងលើសពី ៥០ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

តាមទិន្នន័យនៃក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃ ឈប់ សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកធ្វើទេសចរណ៍ ក្នុងស្រុកចិនគឺ៧៦៥លាននាក់ ដែលកើនឡើង៥,៩ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកធ្វើទេសចរណ៍ក្នុងស្រុកចិន បានចំណាយប្រាក់សរុប ៧សែន៨១៧លានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ឈានចូលត្រីមាសទីបី ដែលជាត្រីមាសដ៏គន្លឹះពេញមួយឆ្នាំ ខែតុលានេះបានសម្រេចការចាប់ផ្តើមដ៏ល្អ ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រសិនបើគោលនយោបាយ ក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ អចលនទ្រព្យ និងប័ណ្ណបំណុលក្នុងតំបន់ ជាដើមបានដើរតួនាទីយ៉ាងខ្លាំងក្នុងពេលដំណាលគ្នា នោះ ល្បឿនកំណើន នៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥ មានសង្ឃឹមបន្តរក្សានៅចំនួនប្រហែល៥ភាគរយ ។

តាមទិន្នន័យថ្មីបំផុត នៃសហព័ន្ធឧស្សាហកម្មធុនស្រាល របស់ចិនឱ្យដឹងថា ពីខែមករាដល់ខែសីហា ឆ្នាំនេះ តម្លៃបន្ថែម នៃសហគ្រាសឧស្សាហកម្ម ធុនស្រាលដែលមាន ទ្រង់ទ្រាយមធ្យម និងធំបានកើនឡើង៤,៩ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងចំណោមផលិតផល ឧស្សាហកម្មធុនស្រាលសំខាន់ៗចំនួន៩១ ដែលធ្វើស្ថិតិដោយរដ្ឋបាលជាតិស្ថិតិចិន បរិមាណនៃផលិតផលចំនួន៥៩ប្រភេទសម្រេចបាននូវកំណើន ក្នុងនោះ បរិមាណ ផលិតផលចំនួន១៧ប្រភេទ ដូចជាកង់និងថ្មអាគុយលីចូម ជាដើមបានរក្សាកំណើនពីរខ្ទង់ ។ ព្រមពេលជាមួយគ្នានេះ ការនាំចេញ សម្រេចបាន នូវកំណើន ប្រកបដោយស្ថិរភាព ។ ពីខែមករាដល់ខែសីហា ការនាំចេញក្នុងឧស្សាហកម្ម ធុនស្រាល ទាំងមូលគឺលើសពី៦០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៣,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ប្រាក់ចំណូលនៃអាជីវកម្ម software របស់ចិនពីខែមករាដល់ ខែសីហាឆ្នាំនេះ មានចំនួនលើសពី៨,៥ទ្រីលានយាន់ប្រាក់ចិន ។
តាមទិន្នន័យដែលរដ្ឋបាល ជាតិគ្រប់គ្រងរូបិយប័ណ្ណរបស់ចិន បានប្រកាសកាលពីថ្ងៃទី៧ខែតុលាឱ្យដឹងថា គិតមកទល់ចុងខែកញ្ញាកន្លងទៅនេះ ទំហំទុនបម្រុងរូបិយប័ណ្ណ របស់ចិនមាន តម្លៃ៣៣១៦,៤ពាន់លាន ដុល្លារអាមេរិក ដែលកើនឡើង២៨.២ពាន់លានដុល្លារ អាមេរិកបើប្រៀបធៀបនឹងចុងខែសីហា ពោល គឺកើនឡើង០,៨៦ភាគរយ ។
អាចឃើញថា បច្ចុប្បន្ននេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ នៅតែមានសភាពប្រែប្រួលជាខ្លាំង ប៉ុន្តែសេដ្ឋកិច្ចចិនមានភាពធន់ដ៏ខ្លាំងក្លា ហើយនិន្នាការ ទូទៅដែលមាន ភាពល្អប្រសើរនិងភាពនឹងនរមិនកែប្រែទេ ។

សព្វថ្ងៃនេះ ចិនកំពុង ស្ថិតក្នុងដំណាក់កាល តម្រួតផ្ទួនគ្នាដូចជាបម្រែបម្រួលវដ្តសេដ្ឋកិច្ច កែសម្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ច និងធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ជាដើម ដូច្នេះ ដំណើរ ការសេដ្ឋកិច្ចបានប្រឈមមុខ នឹងបញ្ហាប្រឈមថ្មីមួយចំនួន ប៉ុន្តែលក្ខខណ្ឌ ដែលមានអំណោយ ផលដល់ការអភិវឌ្ឍ សេដ្ឋកិច្ច មិនបានកែប្រែទេ ។ ទន្ទឹមនឹងនេះ ស្របពេលដែលគោលនយោបាយមាន អំណោយផលក្នុងវិស័យ ជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់ ម៉ាក្រូសេដ្ឋកិច្ចនៅត្រីមាសទីបួន រហូតដល់ឆ្នាំក្រោយនឹងបន្តកើនឡើង ទៅរកភាពល្អប្រសើរឡើងវិញ ៕

To Top