ព័ត៌មានអន្តរជាតិ

អតីតមេប៉ូលិសចិនម្នាក់ ត្រូវកាត់ទោសប្រហារជីវិត ពីបទស៊ីសំណូក ៧៨លានដុល្លារ និងត្រូវរឹបអូសទ្រព្យ សម្បត្តិមកវិញទាំងអស់

VN Express

បរទេស ៖ អតីតអភិបាលរងខេត្ត Liaoning និងក៏ជាអតីតមេប៉ូលីស នៃខេត្តភាគខាងជើងប្រទេសចិន ត្រូវបានកាត់ទោសប្រហារ ជីវិតចំពោះការទទួលសំណូក ដែលមានតម្លៃ ៥៥៥ លានយ័ន ស្មើ នឹងប្រហែល ៧៨លានដុល្លារអាមេរិក ក្នុងរយៈពេលជាង ១៤ ឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសេចក្តីសម្រេច ដែលប្រកាសដោយតុលាការ ប្រជាជនកម្រិតមធ្យម Xiangyang ក្នុងខេត្ត Hubei កាលពីថ្ងៃច័ន្ទ លោក Wang Dawei អាយុ ៦០ឆ្នាំ បានទទួលការកាត់ទោសប្រហារ ជីវិតដោយព្យួរទោស រយៈពេល 2 ឆ្នាំពីបទ ស៊ី “សំណូក”។

លោក Wang Dawei ក៏ត្រូវបានដកហូតសិទ្ធិនយោបាយ អស់មួយជីវិត ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់គាត់ទាំងអស់ ត្រូវបានរឹបអូសថែមទៀត, នេះបើយោងតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។

នៅក្នុងប្រទេសចិន អ្នកទោស ដែលត្រូវបានព្យួរទោសប្រហារជីវិត អាចនឹងត្រូវកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើពួកគេមិន បានប្រព្រឹត្តបទឧក្រិដ្ឋថ្មីក្នុងអំឡុងពេលព្យួរ ។ ការកាត់បន្ថយ ឬការដោះលែងបន្ថែមទៀត គឺអាចធ្វើទៅបានដោយមានអាកប្បកិរិយាល្អ។ ទោះជាយ៉ាងណា ក៏ដោយ នៅក្នុងសំណុំរឿង របស់លោក Wang តុលាការបានសំរេចថា នឹងមិនមានលទ្ធភាព នៃការកាត់ទោស ឬការលើកលែង ទោសនោះទេ បើទោះបីជាមានអាកប្បកិរិយាល្អក៏ដោយ មានន័យថា គាត់នឹងចំណាយពេលពេញមួយជីវិត នៅក្នុងពន្ធនាគារ។

តុលាការក៏បានបញ្ជាឱ្យយកមកវិញ នូវប្រាក់ចំណេញខុសច្បាប់ទាំងអស់ របស់លោក Wang ហើយប្រគល់ទៅរតនាគាររដ្ឋ។

តុលាការបានរកឃើញថាពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២២ លោក Wang បានប្រើមុខតំណែង របស់គាត់ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់ក្រុមហ៊ុនចំនួនបី ដោយធានានូវប្រតិបត្តិការរលូន ការកែសម្រួលគោលនយោបាយ និងអត្ថប្រយោជន៍អាជីវកម្មផ្សេងទៀត។ ជាការតបស្នងវិញ គាត់បានទទួលលុយ ឡាន និងទ្រព្យសម្បត្តិដែលមានតម្លៃជាង ៥៥៥ លានយ័ន ។

តុលាការបានប្រកាសសកម្មភាព របស់លោក Wang ថា ជាអំពើសូកប៉ាន់ ដោយកត់សម្គាល់ថា “ចំនួននៃការសូកប៉ាន់ របស់គាត់មានចំនួនច្រើន ហើយកាលៈទេសៈនៃបទល្មើស របស់គាត់គឺធ្ងន់ធ្ងរបំផុត ដែលនាំមកនូវការខាតបង់យ៉ាងធំធេង ដល់ផលប្រយោជន៍ របស់ប្រទេស និងប្រជាជន”៕

To Top