បរទេស ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីការកើនឡើង នៃសកម្មភាពយន្តហោះចម្បាំង របស់ចិននៅជុំវិញ កោះនេះ ក្នុងអំឡុងពេលហ្គេមសង្គ្រាម កាលពីថ្ងៃមុន ដោយនិយាយថា កោះតៃវ៉ាន់បានរកឃើញកំណត់ត្រាយន្តហោះយោធាចិនចំនួន ១៥៣ គ្រឿង ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិនបានប្រារព្ធសមយុទ្ធមួយថ្ងៃ ឈ្មោះថា “Joint Sword-2024B” កាលពីថ្ងៃចន្ទ ជាការព្រមានដល់ “អំពើផ្តាច់ខ្លួន” បន្ទាប់ពីសុន្ទរកថាថ្ងៃជាតិកាលពីសប្តាហ៍មុនដោយប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te ដែលទីក្រុងប៉េកាំងបានបរិហារ ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់ខ្លួនអំពីសកម្មភាពយោធា របស់ចិននៅជុំវិញកោះនេះក្នុងរយៈពេល ២៤ ម៉ោងមុន , ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ១៥៣គ្រឿង ដោយបានធ្វើបច្ចុប្បន្នភាពតួលេខ ដែលបានផ្តល់ឱ្យកាលពីល្ងាចថ្ងៃច័ន្ទមាន ១២៥គ្រឿង ដែលវាបាននិយាយរួចហើយថា ជាកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃ ។
ក្នុងចំណោមយន្តហោះទាំងនោះ យោងតាមផែនទី ដែលក្រសួងបានចេញផ្សាយ យន្តហោះ ២៨ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ កណ្តាលដ៏រសើប នៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនធ្លាប់ធ្វើជារបាំងមិនផ្លូវការ ហើយដែលចិននិយាយថា ខ្លួនមិនទទួលស្គាល់ខ្សែបន្ទាត់នេះ។
ក្រសួងបាននិយាយថា មាននាវាកងទ័ពជើងទឹកចិនចំនួន ១៤ គ្រឿង និង “នាវាផ្លូវការ” ចំនួន ១២គ្រឿង ដែលសំដៅទៅលើឆ្មាំឆ្នេរសមុទ្រ និងនាវាដែលនៅជិតខាងយោធា ផ្សេងទៀតត្រូវបានគេប្រទះឃើញ៕
ប្រែសម្រួលៈ ណៃ តុលា