ព័ត៌មានអន្តរជាតិ

Quad បានក្លាយជាឧបករណ៍ នយោបាយរបស់អាមេរិក ក្នុងការទប់ស្កាត់ប្រទេសចិន

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា  Quad បានក្លាយជាឧបករណ៍នយោបាយ ដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសមយុទ្ធ Malabar ដែលធ្វើឡើងដោយកងកម្លាំងជើងទឹក មកពីសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី នៅមហាសមុទ្រឥណ្ឌាកាលពីថ្ងៃទី៨ ខែតុលា។

លោក បានលើកឡើងថា ប្រទេសចិនជឿជាក់ថា កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមប្រទេសពាក់ព័ន្ធ មិនគួរធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ភាគីទីបីណាមួយ ឬធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ 

លោកបានបន្ថែមថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីពាក់ព័ន្ធ ក្នុងការប្រើប្រទេសចិន ជាលេសដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា និងបង្កើនភាពតានតឹងក្នុងតំបន់” ។

លោកបន្ដថា “អាស៊ីប៉ាស៊ីហ្វិកគួរតែជាដំណាក់កាលដ៏ធំ ដែលប្រទេសនានាចូលរួមសហការ ជាជាងសង្វៀនសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ។ យើងទាមទារឱ្យប្រទេសពាក់ព័ន្ធបោះបង់ ការគិតមមៃរបស់ពួកគេជាមួយនឹងផ្នត់គំនិតសូន្យ ហើយដាក់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការការពារសន្តិសុខក្នុងតំបន់ ជំនួសឱ្យការធ្វើ​ផ្ទុយ​ពី​នេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top