ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានប្រកាសថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់លទ្ធភាពនៃការគ្មានឧស្ម័នរុស្ស៊ី ហូរកាត់អ៊ុយក្រែន នៅពេលដែលកិច្ចសន្យាឆ្លងកាត់ បច្ចុប្បន្នផុតកំណត់នៅចុងឆ្នាំ។
លោក Simson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា “អឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍បាន ធ្វើពិពិធកម្មជម្រើសផ្គត់ផ្គង់របស់ពួកគេ ដើម្បីជំនួសទាំងស្រុងនូវឧស្ម័នរុស្ស៊ី ១៤ ពាន់លានម៉ែត្រគូបដែល នៅតែឆ្លងកាត់អ៊ុយក្រែន” ។
លោកបានគូសបញ្ជាក់ថា ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ទាំងថ្មី និងដែលមានស្រាប់ មានសមត្ថភាពគ្រប់គ្រាន់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ចាំបាច់មាននៅនឹងកន្លែង ហើយផ្លូវផ្គត់ផ្គង់ជំនួសជាច្រើន អាចរកបានសម្រាប់ការនាំចូល LNG និងបំពង់បង្ហូរប្រេង។
កិច្ចសន្យាឆ្លងកាត់រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអនុញ្ញាតឱ្យឧស្ម័នរុស្ស៊ីហូរកាត់ អ៊ុយក្រែនគ្រោងនឹងផុតកំណត់ក្នុងខែធ្នូ។ ចាប់តាំងពីឆ្នាំ២០២២ សហភាពអឺរ៉ុប បាននិងកំពុងកាត់បន្ថយ និងបញ្ឈប់ការនាំចូលឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ីយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ភូមិសាស្ត្រនយោបាយ។
នៅក្នុងខែមិថុនាឆ្នាំនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបាន អនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៤ ប្រឆាំងនឹងរុស្ស៊ី ដែលរួមបញ្ចូលទាំងការហាមឃាត់ លើការផ្ទុកឡើងវិញនូវសេវាកម្ម LNG របស់រុស្ស៊ីនៅក្នុងទឹកដីសហភាពអឺរ៉ុប សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសទីបី ក្នុងចំណោមវិធានការផ្សេងទៀត។
ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ បរិមាណឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយក្នុងនោះលោកបានចាត់ទុក ការកើនឡើងនេះថាជា “កាលៈទេសៈបណ្តោះអាសន្ន” ៕
ប្រែសម្រួល ឈូក បូរ៉ា