ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល ឲ្យកែលម្អ​ស្ថានភាព​មនុស្សធម៌ ​នៅ​តំបន់ហ្គាហ្សា

Xinhua

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានសហការគ្នាចុះហត្ថលេខាលើ លិខិតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានផ្ញើទៅកាន់សមភាគីអ៊ីស្រាអែល ដោយជំរុញឱ្យអ៊ីស្រាអែល កែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ 

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន នូវសំបុត្រដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ដែលត្រូវបានផ្ញើទៅកាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រលោក Ron Dermer ។

លោក Miller បានលើកឡើងថា លិខិតនេះមានគោលបំណង “ដើម្បីបញ្ជាក់ឱ្យច្បាស់ពីការព្រួយបារម្ភរបស់យើង អំពីកម្រិតនៃជំនួយមនុស្សធម៌ ដែលបាននិងកំពុងធ្វើឱ្យវា ចូលទៅក្នុងតំបន់ហ្គាហ្សា” ដោយបន្ថែមថា សហរដ្ឋអាមេរិកបានចាត់ទុកលិខិតនោះថា “ជាការទំនាក់ទំនងការទូតឯកជនមួយ ដែលយើងមិនមានបំណង បង្ហាញជាសាធារណៈនោះឡើយ”។

យោងតាមរបាយការណ៍របស់ CNN លិខិតនោះបានព្រមានថា ប្រសិនបើអ៊ីស្រាអែល បរាជ័យក្នុងការផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀតដល់តំបន់ហ្គាហ្សាន ប្រទេសនេះនឹងប្រថុយនឹងការបំពានច្បាប់ របស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងជំនួយយោធាបរទេស ហើយជា​លទ្ធផល ជំនួយ​យោធា​អាមេរិក​ដល់​អ៊ីស្រាអែល ​អាច​នឹង​មាន​គ្រោះថ្នាក់។

លិខិតនោះបានកត់សម្គាល់ថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក នាយកដ្ឋានរដ្ឋ និងការពារជាតិត្រូវតែបន្តវាយតម្លៃ ការប្រកាន់ខ្ជាប់របស់អ៊ីស្រាអែល ចំពោះការធានារបស់ខ្លួនថា ខ្លួននឹងមិនរឹតបន្តឹងលំហូរជំនួយ ទៅកាន់តំបន់ហ្គាហ្សាឡើយ។

រយៈពេល ៣០ថ្ងៃ ដែលផ្តល់ដោយសហរដ្ឋអាមេរិក មានន័យថា ផលវិបាកដែលអាចកើតមានប្រសិនបើមាន ក្នុងករណីដែលអ៊ីស្រាអែល មិនស្តាប់ការព្រមានរបស់សហរដ្ឋអាមេរិក នឹងកើតឡើងបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top