ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង​ បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ កំណត់​កូរ៉េ​ខាង​ត្បូង ​ថា ​ជារដ្ឋ​អរិភាព

Kyodo

សេអ៊ូល ៖ កូរ៉េខាងជើងបានឲ្យដឹងថា ផ្លូវថ្នល់ និងផ្លូវដែករបស់ខ្លួន ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង “ត្រូវបានបិទទាំងស្រុង” ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែល “កំណត់យ៉ាងច្បាស់” ថាកូរ៉េខាងត្បូងជា “រដ្ឋអរិភាព” ដែលបង្ហាញពីលទ្ធភាព ដែលច្បាប់កំពូល ត្រូវបានកែសម្រួល។

របាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មានមជ្ឈិមកូរ៉េបានធ្វើឡើង ខណៈដែលយោធា កូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា កូរ៉េខាងជើង បានបំផ្ទុះផ្នែក នៃផ្លូវអន្តរកូរ៉េនៅម្ខាង នៃព្រំដែនរបស់ខ្លួន ដោយបំផ្លាញនូវអ្វី ដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ របស់កូរ៉េទាំងពីរ ។

ការបំផ្ទុះផ្នែកខ្លះ នៃផ្លូវថ្នល់ និងផ្លូវរថភ្លើង គឺជាវិធានការ “ស្របច្បាប់” ដែលធ្វើឡើងស្រប តាមរដ្ឋធម្មនុញ្ញ របស់ប្រទេសកូរ៉េខាងជើង ដោយសារ “ស្ថានភាពសន្តិសុខធ្ងន់ធ្ងរ ដែលកំពុងដំណើរការ ដល់គែមនៃសង្រ្គាម ដែលមិនអាចទាយទុកជាមុនបាន” ចំពេលការបង្កហេតុខាងនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរ របស់កងកម្លាំងអរិភាព។

ប្រភពបានបន្ថែមថា ទីក្រុងព្យុងយ៉ាងនឹង “បន្តចាត់វិធានការ ដើម្បីពង្រឹងជាអចិន្ត្រៃយ៍ នូវព្រំដែនភាគខាងត្បូងដែលបិទជិត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

កូរ៉េខាងជើង បានកោះប្រជុំសភាប្រជាជនកំពូល ដែលជាស្ថាប័ន នីតិប្បញ្ញត្តិកំពូល របស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ ប៉ុន្តែ KCNA មិនបាននិយាយអំពីការ ផ្លាស់ប្តូរបែបនេះភ្លាមៗ បន្ទាប់ពីការប្រមូលផ្តុំនោះទេ។

កួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវកាលពីខែមករា ឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងថាជា “សត្រូវចម្បង ដែលមិនអាចផ្លាស់ប្តូរបាន” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top