សេអ៊ូល៖ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេបានចាប់ផ្តើមស្ថាប័នមួយ ដើម្បីជំនួសក្រុមប្រឹក្សា អង្គកា រសហប្រជាជាតិ ដែលមានភារកិច្ចត្រួត ពិនិត្យការអនុវត្ត ទណ្ឌកម្មលើកូរ៉េខាងជើង ក្នុងគោលបំណង ទប់ស្កាត់ការ អភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ។
ប្រទេសទាំងបីបានឲ្យដឹងថា អង្គការថ្មីនេះមានការ ចូលរួមពីប្រទេសចំនួន ១១ ដែលរួមមានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ផងដែរ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ក្រុមអ្នកជំនាញរបស់អង្គការ សហប្រជាជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដើម្បីស៊ើបអង្កេតការរំលោភលើការ ដាក់ទណ្ឌកម្មលើប្រទេស កូរ៉េខាងជើង បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ លើកទីពីររបស់ខ្លួន ។ គណៈកម្មាការនេះ ត្រូវបានបញ្ចប់បន្ទាប់ ពីប្រទេសរុស្ស៊ី បានវេតូដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ នៅក្នុងខែមីនា ឆ្នាំនេះដែលនឹងបន្ត អាណត្តិរបស់ខ្លួន ។
អ្នកការទូតលំដាប់ទីពីរ នៃប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលបានជួបប្រជុំគ្នា នៅទីក្រុងសេអ៊ូល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការ – ក្រុមត្រួតពិនិត្យ ទណ្ឌកម្មពហុភាគី គឺជាយន្តការមួយដើម្បី “តាមដាន និង រាយការណ៍អំពីការរំលោភ និងការគេចវេសនៃវិធានការ ដាក់ទណ្ឌកម្ម ដែលមានចែង ក្នុងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Masataka Okano បាននិយាយថា សម្ព័ន្ធមិត្តទាំងបី នឹងធ្វើការជា មួយប្រទេសផ្សេងទៀត “ដើម្បីបន្តអនុវត្តទណ្ឌកម្មទាំងស្រុង” ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kim Hong Kyun បានឲ្យដឹងដោយអំពាវនាវ ឱ្យមានការចូលរួមយ៉ាង ទូលំទូលាយ ពីសហគមន៍អន្តរជាតិថា “MSMT គឺបើកចំហ ចំពោះប្រទេស ដែលមានការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តការដាក់ ទណ្ឌកម្មប្រឆាំង នឹងប្រទេសកូរ៉េខាងជើង” ៕
ប្រែសម្រួល ឈូក បូរ៉ា