តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកចំនួន២គ្រាប់ទម្ងន់២៥០គីឡូក្រាម ត្រូវបានគេរកឃើញនៅជិតអាកាសយានដ្ឋាន Miyako នៅក្រុង Okinawa របស់ប្រទេសជប៉ុននៅក្នុងខែតុលានេះ ។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់ ព័ត៌មានពីរដ្ឋាភិបាលក្រុង Miyakojima ដែលបានលើកឡើងថា គ្រាប់បែកមិនទាន់ផ្ទុះដែលមានទំហំដូចគ្នា ទៅនឹងគ្រាប់បែកមិនទាន់ផ្ទុះដែលបាន បំផ្ទុះនៅលើផ្លូវតាក់ស៊ីឆ្ពោះទៅអាកាសយានដ្ឋាន Miyazaki កាលពីថ្ងៃទី២ ខែតុលា ត្រូវបានរកឃើញនៅក្នុងទីវាលមួយដែល នៅជាប់នឹងអាកាសយានដ្ឋាន Miyako ។
រដ្ឋាភិបាល Miyakojima កំពុងធ្វើការសម្របសម្រួលជាមួយ អង្គភាពជំនាញរបស់កងកម្លាំងស្វ័យការពារជប៉ុន ដើម្បីធានាបាននូវការបោះចោលគ្រាប់បែក ដែលទើបរកឃើញថ្មីៗនេះឲ្យបានឆាប់រហ័ស ។
បន្ទាប់ពីមានការផ្ទុះនៅឯអាកាសយានដ្ឋាន Miyazaki កាលពីដើមខែនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមការស្ទង់ទិន្នន័យបន្ទាន់ នៅអាកាសយានដ្ឋានចំនួនកាលពីថ្ងៃពុធ ។ អាកាសយានដ្ឋានទាំងអស់នេះស្ថិតនៅ លើអតីតទីតាំងយោធាជប៉ុន ដែលគ្រាប់មិនទាន់ផ្ទុះត្រូវបាន រកឃើញកាលពីមុនមក ។ កាលពីឆ្នាំមុន គ្រាប់បែកទម្ងន់ ៥០គីឡូក្រាម ផលិតដោយសហរដ្ឋអាមេរិកចំនួន ៥គ្រាប់ ត្រូវបានគេរកឃើញនៅជិតអាកាសយានដ្ឋាន Miyako នេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា