បរទេស៖ រថយន្តទេសចរណ៍ប្រើប្រេងម៉ាស៊ូត ដឹកអ្នកទេសចរជនជាតិឥណ្ឌូនេស៊ីចំនួន ៥០នាក់ បានឆេះនៅស្រុក ប៉ាកឆុង នៃខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបានទៅកាន់ផ្លូវមិត្តភាព បន្ទាប់ពីប៉ូលីសបានទទួលសេចក្តីរាយការណ៍ថា រថយន្តក្រុងបានឆេះ។
លុះមកដល់ចំណុចកើតហេតុក៏ប្រទះ ឃើញរថយន្តក្រុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រើពេលប្រមាណ២០នាទី ទើបពន្លត់បាន។
ឡានក្រុងនេះដឹកអ្នកទេសចរ៥០នាក់ ទៅប៉ាក់ឆុង សម្រាប់ការស្នាក់នៅមួយយប់។ រថយន្តក្រុងបានឈប់នៅភោជនីយដ្ឋានមួយកន្លែង មុនពេលកើតហេតុ។ ខណៈរថយន្តក្រុងរៀបនឹងចេញដំណើរ អ្នកដំណើរម្នាក់បានកត់សម្គាល់ ឃើញមានភ្លើងឆេះនៅខាងក្រោយ ។ អ្នកដំណើរទាំងអស់អាចចេញពីឡានក្រុង បានដោយសុវត្ថិភាព។
មូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេត ៕
ប្រែសម្រួលៈ ណៃ តុលា