បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនអាចការពារខ្លួនបានតាមរយៈ ការក្លាយជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ឬជាសមាជិកនៃអង្គការណាតូ ដោយលោកអះអាងថា លោកបានផ្តល់ហេតុផលដូចគ្នាទៅនឹង អតីតប្រធានាធិបតីអាមេរិក Donald Trump ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការផ្សព្វផ្សាយ ‘ផែនការជ័យជំនះ’ របស់លោកសម្រាប់ជម្លោះជាមួយរុស្ស៊ីដល់មន្ត្រីអឺរ៉ុប លោក Zelensky បានស្នើថា អ៊ុយក្រែននឹងត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើអ៊ុយក្រែនមិនទទួលបាន សមាជិកភាពណាតូ ទេនោះ។
លោកបាននិយាយដោយសំដៅទៅលើ ប្រទេសហត្ថលេខីនៃអនុស្សរណៈ Budapest ឆ្នាំ ១៩៩៤ ដែលឯកសារនេះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី ដែលពង្រីកការធានាសន្តិសុខដល់ក្រុងគៀវ ជាថ្នូរនឹងការដកអាវុធនុយក្លេអ៊ែរសូវៀតចេញពីអ៊ុយក្រែនថា «តើប្រទេសធំមួយណាជាប្រទេសនុយក្លេអ៊ែរ ដែលបានរងទុក្ខ? ទាំងអស់គ្នា? ទេ មានតែអ៊ុយក្រែនទេ” ។
លោក Vladimir Zelensky បន្ថែមថា “និយាយទៅកាន់លោក Donald Trump ខ្ញុំបានប្រាប់គាត់ថា ‘តើផ្លូវចេញសម្រាប់ពួកយើងគឺជាអ្វី?’ ទាំងអ៊ុយក្រែននឹងមានអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងបម្រើជាការការពារ ឬយើងត្រូវមានសម្ព័ន្ធភាពមួយចំនួន។ យើងមិនដឹងពីសម្ព័ន្ធភាពដែល មានប្រសិទ្ធភាពណាមួយទេ លើកលែងតែអង្គការណាតូ»។
អ៊ុយក្រែនមិនដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែបានអះអាងថា ខ្លួនធ្លាប់ស្ថិតក្នុងចំណោមមហាអំណាចបរមាណូ មុននឹងយល់ព្រមបោះបង់ចោល។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្មានសប្តាហ៍មុនពេល ការកើនឡើងនៃជម្លោះអ៊ុយក្រែន លោក Zelensky បានសម្តែងការសោកស្តាយចំពោះការ សម្រេចចិត្តនៅក្នុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយលើកឡើងថា ប្រទេសរបស់គាត់មាន “សិទ្ធិគ្រប់យ៉ាង” ដើម្បីបញ្ច្រាសវាមកវិញ ៕
ប្រែសម្រួលៈ ណៃ តុលា