បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTដែលបានដកស្រង់ ព័ត៌មានចេញពី កាសែតអង់គ្លេស The Sunday Times បានរាយការណ៍ថា ប្រទេសអង់គ្លេស និងអាល្លឺម៉ង់គ្រោង នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការពារទ្វេភាគីនៅសប្តាហ៍នេះ ដោយបើកផ្លូវសម្រាប់ ប្រទេសទាំងពីរ ក្នុងការបង្កើន សមយុទ្ធយោធា របស់ពួកគេនៅជិតព្រំដែនរុស្ស៊ី។
កាសែតអង់គ្លេសបាន រាយការណ៍ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អង់គ្លេស និងអាល្លឺម៉ង់នឹងសហការ លើការទិញ និងអភិវឌ្ឍន៍សព្វាវុធ ដោយកិច្ចព្រមព្រៀងនេះបម្រើជា ជំហានដំបូង សម្រាប់កិច្ចព្រមព្រៀង ដែលមានទំហំធំជាងកិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នៅឆ្នាំក្រោយទៅទៀត។
កិច្ចព្រមព្រៀងត្រូវបាន គេរំពឹងថានឹងអនុញ្ញាត ឱ្យកងកម្លាំងអង់គ្លេស និងអាល្លឺម៉ង់ធ្វើសមយុទ្ធយោធារួមគ្នា នៅព្រំដែនភាគខាងកើតរបស់ណាតូជាមួយរុស្ស៊ី ដែលភាគច្រើនប្រហែលជានៅក្នុងប្រទេសអេស្តូនី និងលីទុយអានីនេះ បើយោងតាមការអះអាង ដោយប្រភពដដែល។
គួរឲ្យដឹងដែរថាកន្លងមកអង់គ្លេស និងអាល្លឺម៉ង់បានចូលរួមក្នុង សមយុទ្ធណាតូរួចហើយ ដូចជាសមយុទ្ធ Steadfast Defender នៅក្នុងឆ្នាំនេះដែលបានធ្វើឡើង នៅជិតព្រំដែនភាគខាងលិច របស់រុស្ស៊ីនិងមានការចូលរួមពីទាហាន ៩០,០០០ នាក់មកពីរដ្ឋទាំង៣២របស់អង្គការណាតូ ខណៈដែលទីក្រុងមូស្គូក៏បានត្រៀមលក្ខណៈដោយបើកចំហសម្រាប់ ការប៉ះទង្គិចប្រដាប់អាវុធដែលកើតមានផងដែរ។
បន្ថែមពីលើសមយុទ្ធពហុភាគីទាំងនេះ អាល្លឺម៉ង់ក៏បានចូលរួមក្នុងសមយុទ្ធទ្វេភាគី ខ្នាតតូចជាច្រើនផ្សេងទៀតរួចហើយ ដូចជាសមយុទ្ធ Grand Quadriga របស់អាល្លឺម៉ង់ជាមួយប្រទេសលី ទុយអានីកាលពីដើមឆ្នាំនេះ និងសមយុទ្ធ Baltic Tiger ជាមួយអេស្តូនីកាលពីឆ្នាំ២០២២ជាដើម៕
ប្រែសម្រួល៖ស៊ុនលី