បរទេស ៖ ជនរងគ្រោះកើនឡើងដល់ជិត ៧.០០០នាក់ហើយ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុន លក់អនឡាញ The iCon Group ជាមួយនឹងការបាត់បង់ប្រាក់ សរុបលើសពី ២ ពាន់លានបាត ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គស្នងការនគរបាល ជាតិថៃ លោកឧត្តមសេនីយ៍ គីត្រាត ផាន់ផែត បាននិយាយ កាលពីថ្ងៃអង្គារថា នៅចន្លោះថ្ងៃទី ១០ និង ២១ ខែតុលា មនុស្សសរុបចំនួន ៦.៩៧៩ នាក់បានដាក់ការចោទប្រកាន់មកមជ្ឈមណ្ឌលបណ្តឹង របស់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) និងនៅស្ថានីយ៍ប៉ូលីស ទូទាំងប្រទេស ។ ពាក្យបណ្តឹង បានរាយការណ៍ពីការខាតបង់ប្រាក់ សរុបចំនួន ២,០៤៦ លានបាត ។
លោកបានបន្តថា ពេលនេះ ក្រុមអ្នកស៊ើប អង្កេតកំពុងពិនិត្យ លើកំណត់ត្រាហិរញ្ញវត្ថុ និងដំណើរប្រាក់ នៃអាជីវកម្ម តាមអ៊ីនធឺណិត។
លោកឧត្តមសេនីយ៍ គីត្រាត ផាន់ផែត បាននិយាយថា កាលពីថ្ងៃអង្គារ ប៉ូលីសបានស្វែងរកទីតាំងចំនួន ១១ បន្ថែមទៀតដែលពាក់ព័ន្ធនឹងមន្ត្រីក្រុមហ៊ុនចំនួន ១៨នាក់ ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ ដោយស្វែងរកភស្តុតាងបន្ថែម។
លោក Warathaphon “Boss Paul” Waratyaworrakul អាយុ ៤១ ឆ្នាំ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន The iCon Group និងជនសង្ស័យ ១៧ នាក់ផ្សេងទៀត រួមទាំងតារាល្បីៗ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំជាសាធារណៈ និងដាក់ព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ អ្នកទាំងអស់នោះ គឺត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ។
iCon Group ដែលជាអាជីវកម្មលក់អនឡាញ ដ៏លេចធ្លោដែលផ្សព្វផ្សាយ ការលក់ដោយផ្ទាល់តាមរយៈឈ្មួញ និងភ្នាក់ងាររបស់ពួកគេ ត្រូវបានចោទប្រកាន់ពីបទ ដំណើរការគម្រោងបោកប្រាស់ ពីរ៉ាមីត។
អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ គីត្រាត ផាន់ផែត បាននិយាយថា ក្រុមស៊ើបអង្កេតកំពុងប្រមូល និងចងក្រងភស្តុតាង ដើម្បីគាំទ្រ ការស្នើសុំដីកាចាប់ខ្លួន របស់តុលាការ សម្រាប់ក្រុមជន សង្ស័យទីពីរ៕
ប្រែសម្រួលៈ ណៃ តុលា