ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ ឧក្រិដ្ឋកម្មសង្គ្រាម របស់អ៊ីស្រាអែល

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ប្រទេសណាមួយ ដែលស្វែងរកការរួមចំណែកដល់ ការបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម របស់អ៊ីស្រាអែល នៅក្នុងតំបន់។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើ របាយការណ៍អំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក Baghaei បានកត់សម្គាល់ថា អ៊ីរ៉ង់ស្វាគមន៍រាល់គំនិតផ្តួចផ្តើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃ “ភ្លើងសង្គ្រាម” ដោយអ៊ីស្រាអែលទៅកាន់ផ្នែកផ្សេងទៀត នៃតំបន់ដោយសង្កត់ធ្ងន់ថា ជំហានដំបូងដល់ទីបញ្ចប់គួរតែបញ្ឈប់ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែលនៅហ្គាហ្សា និងលីបង់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួយស្វែងរកការសម្របសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយថា “ទាំងនេះនឹងពិបាក ប៉ុន្តែអាចធ្វើទៅបាន” ។

កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ប្រមាណ ១៨០ គ្រាប់​ទៅ​លើ​គោលដៅ​របស់​អ៊ីស្រាអែល។  ទីក្រុងតេអេរ៉ង់ បានពណ៌នាការវាយប្រហារថា ជាការសងសឹក ចំពោះការធ្វើឃាតមេដឹកនាំមួយចំនួន នៃក្រុមតស៊ូក្នុងតំបន់ និងសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ និងប៉ាឡេស្ទីន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top