ព័ត៌មានអន្តរជាតិ

ហ្វីលីពីន កាត់ទោសជនសកម្មប្រយុទ្ធ ១៧នាក់ ឱ្យជាប់គុកមួយជីវិតពី បទចាប់ពង្រត់មនុស្ស ២១នាក់ កាលពី២៥ឆ្នាំមុន

AFP

បរទេស៖ នាយកដ្ឋានយុត្តិធម៌ហ្វីលីពីន បាននិយាយកាលពីថ្ងៃច័ន្ទថា សមាជិក១៧នាក់ នៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ីស្លាមត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារអស់មួយជីវិត ពីបទចាប់ជំរិតជនបរទេស និងហ្វីលីពីននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីជិត ២៥ ឆ្នាំមុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅខែមេសា ឆ្នាំ ២០០០ សមាជិកនៃក្រុមជ្រុលនិយមអ៊ីស្លាម Abu Sayyaf បានចាប់ពង្រត់មនុស្ស ២១ នាក់ពីកន្លែងសម្រាកលំហែកាយនៅលើកោះ Sipadan ប្រទេសម៉ាឡេស៊ី។

ចំណាប់ខ្មាំងទាំងនោះបានស៊ូទ្រាំនឹង ការជាប់ឃុំឃាំងជាច្រើនខែនៅក្នុងព្រៃនៃទីក្រុង Jolo ចម្ងាយប្រហែល ៩៥៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងម៉ានីល រហូតដល់ពួកគេត្រូវបានលោះ ជាមួយនឹងលុយរាប់លានដុល្លារ។ ពួកគេរួមមានជនជាតិហ្វីលីពីន ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ លីបង់ ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូង។

នាយកដ្ឋានយុត្តិធម៌របស់ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាត់ទោសនេះគឺជាការឆ្លុះបញ្ចាំងពី កិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ក្រសួងយុត្តិធម៌ ក្នុងការលើកកម្ពស់នីតិរដ្ឋដោយ គ្មានការភ័យខ្លាចឬរអាក់រអួល” ។

ជនជាប់ចោទទាំង ១៧ នាក់ ត្រូវបានរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃទី ១៦ ខែតុលា ក្នុងចំណោម ២១ ករណីនៃការចាប់ជំរិត និងការឃុំខ្លួនខុសច្បាប់ធ្ងន់ធ្ងរជាមួយនឹងប្រាក់លោះ។ សេចក្តីសម្រេចដែលមាន 157 ទំព័រដែលមើលឃើញដោយ AFP បាននិយាយថា អ្នកទាំងអស់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត លើចំនួននីមួយៗ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top