យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៥៣៧លានដុល្លារអាមេរិក ដើម្បីពង្រីកការផលិតប្រព័ន្ធ ស្ទាក់ចាប់ឡាស៊ែរ Iron Beam ដែលត្រូវបានគេរំពឹងថានឹង ចូលរួមជាមួយប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេលប្រហែលមួយឆ្នាំ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន បច្ចេកវិទ្យាការពារជាតិ អ៊ីស្រាអែលចំនួនពីរ ដែលជាអ្នកបង្កើតប្រព័ន្ធសំខាន់គឺ Rafael Advanced Defense Systems និង Elbit Systems ។
ប្រព័ន្ធការពារ Iron Beam គឺជាប្រព័ន្ធឡាស៊ែរ សម្រាប់ការពារអាកាសពីដី ប្រឆាំងនឹងការគំរាមកំហែង ពីលើអាកាសពីគ្រាប់រ៉ុក្កែត គ្រាប់បែកត្បាល់ យន្តហោះដ្រូន មីស៊ីលនាំផ្លូវ និងច្រើនទៀត។
ក្រសួងបានកត់សម្គាល់ថា ប្រព័ន្ធនេះត្រូវបានកំណត់ ដើម្បីដាក់បញ្ចូលទៅ ក្នុងប្រព័ន្ធការពារ “ពហុស្រទាប់” របស់អ៊ីស្រាអែល ដែលជាសមត្ថភាពបំពេញបន្ថែម ដល់ប្រព័ន្ធការពារ Iron Dome, David’s Sling និងប្រព័ន្ធ Arrow ដែលផ្អែកលើមីស៊ីលស្ទាក់ចាប់ និងប្រើប្រាស់ក្នុងអំឡុង ពេលមានជម្លោះនាពេលបច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “ការធ្វើសមាហរណកម្ម នៃប្រព័ន្ធការពារ Iron Beam នឹងអនុញ្ញាតឱ្យមានការកែលម្អ យ៉ាងសំខាន់នៅក្នុងសមត្ថភាព ការពារជាតិរបស់អ៊ីស្រាអែល ប្រឆាំងនឹងការគំរាមកំហែង ដែលមានស្រាប់ និងនាពេលអនាគត ហើយក្នុងតម្លៃទាបគួរឱ្យកត់សម្គាល់”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
