វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា សម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួនជាមួយប្រទេសជប៉ុន មានសារៈសំខាន់ សម្រាប់សន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយទំនាក់ទំនងនឹងមិនផ្លាស់ប្តូរ ដោយសារតែលទ្ធផល នៃការបោះឆ្នោតណាមួយឡើយ។
អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Matthew Miller បានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីក្រុមចម្រុះ ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន ដឹកនាំដោយ នាយករដ្ឋមន្ត្រីលោក Shigeru Ishiba បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា ជាន់ទាបដ៏មានឥទ្ធិពល នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ។
លោក Miller បានលើកឡើងថា សម្ព័ន្ធភាពដែលលោកហៅថាជា “មូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាព” នៅក្នុងតំបន់ និងជុំវិញពិភពលោកអស់រយៈពេលជាង ៧ទសវត្សរ៍មកហើយ “មិនដែលមានភាពរឹងមាំជាងនេះទេ”។
លោកបានបន្ដថា “ខ្ញុំមិនឃើញការផ្លាស់ប្តូរនោះទេ ដោយសារតែលទ្ធផល នៃការបោះឆ្នោតណាមួយ មិនថានៅក្នុង សហរដ្ឋអាមេរិក ឬនៅក្នុង ប្រទេសជប៉ុននោះទេ” លោកបានបន្ថែមថា វ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយទីក្រុង តូក្យូលើបញ្ហាសកល និងតំបន់សំខាន់ៗ រួមទាំងការពង្រឹងភាពជាដៃ គូត្រីភាគីរបស់ពួកគេជាមួយកូរ៉េខាងត្បូង។
ទោះបីជាគណបក្សប្រជាធិបតេយ្យ សេរីរបស់លោក បានបរាជ័យក្នុង ការបោះឆ្នោតក៏ដោយ ក៏លោក Ishiba ដែលបានក្លាយជា នាយករដ្ឋមន្ត្រីជប៉ុន កាលពីដើមខែតុលា បានច្រានចោលការ លាលែងពីតំណែង ដោយប្រាប់សន្និសីទ សារព័ត៌មានថា ប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងសន្តិសុខយ៉ាងធ្ងន់ធ្ងរ។
អាសនៈរបស់សម្ព័ន្ធកាន់អំណាចដែលរួមបញ្ចូលទាំង LDP និងដៃគូតូចជាងរបស់ខ្លួន Komeito បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ២១៥ ពី ២៨៨ ក្នុងសភាដែលមានសមាជិក ៤៦៥ រូប៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
