បរទេស៖ សេដ្ឋវិទូ Christophe Barraud ដែលត្រូវបានចាត់ ថ្នាក់ដោយ Bloomberg ជាអ្នកព្យាករណ៍កំពូល នៃសេដ្ឋកិច្ចអាមេរិក បាននិយាយថា បេក្ខជនមកពីគណបក្ស សាធារណរដ្ឋ លោក Donald Trump នឹង “មានភាគរយច្រើន ដែលប្រហែលជា” ឈ្នះការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកនៅខែក្រោយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីឈានទៅដល់ការបោះឆ្នោត បេក្ខជនគណបក្ស ប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris នាំមុខលោក Trump តិចជាងមួយភាគរយប៉ុណ្ណោះ។ យោងតាមកាសែត New York Times ដែលបានរាយការណ៍ថា គម្លាតកាន់តែរួមតូច ហើយរដ្ឋសមរភូមិនៅតែ “តឹងតែងខ្លាំង។ ”
ការព្យាករណ៍របស់លោកនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃចន្ទ លោក Barraud បានសរសេរថា “សម្លឹងមើលការវាស់វែងផ្សេងៗដូចជា ការភ្នាល់នៅលើទីផ្សារ ការស្ទង់មតិ ការព្យាករណ៍របស់អ្នកគំរូនៃការបោះឆ្នោត, ទីផ្សារហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ លទ្ធផលដែលទំនង បំផុតគឺ ជ័យជំនះរបស់លោក Trump ; ជ័យជំនះ របស់គណបក្សសាធារណរដ្ឋ (GOP) ។
លោក Barraud គឺជាប្រធានសេដ្ឋវិទូ និងអ្នកយុទ្ធសាស្រ្ត នៅផ្សារមូលបត្រ ហើយត្រូវបានផ្តល់ងារជា កំពូលអ្នកព្យាករណ៍ សេដ្ឋកិច្ចអាមេរិកដោយ Bloomberg ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក ។ លោកក៏បានបង្ហាញពីសេណារីយ៉ូ ដែលអាចកើតមានជាច្រើន នៃលទ្ធផលបោះឆ្នោតអាមេរិកនៅ ក្នុងបទសម្ភាសន៍ជាមួយ Business Insider កាលពីដើមសប្តាហ៍នេះ។
លោក Barraud បាននិយាយថា “ជ័យជំនះរបស់លោក Trump ជាមួយនឹងការបោះឆ្នោតពីគណបក្សសាធារណរដ្ឋ” ហើយសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភានឹងអនុញ្ញាតឱ្យប្រធានាធិបតីថ្មី អនុវត្តការកាត់បន្ថយពន្ធសម្រាប់សាជីវកម្ម និងគ្រួសារ ក៏ដូចជាផ្តោតលើគោលនយោបាយ ក្នុងស្រុកជាជាងគោលនយោបាយ ការបរទេស។ លោកបានបន្ថែមថា វាក៏នឹងមានផលប៉ះពាល់ ជាវិជ្ជមានក្នុងរយៈពេលខ្លីលើកំណើន សេដ្ឋកិច្ចអាមេរិក ដោយបង្កើតការជំរុញ ផលិតផលក្នុងស្រុកសរុប ក្នុងចន្លោះពី 2.1% ទៅ 2.3% ក្នុងឆ្នាំ 2025។
ក្នុងចំណោមសេណារីយ៉ូផ្សេងទៀត គឺជាជ័យជម្នះរបស់លោក Trump ជាមួយនឹងសភាដែលបែងចែក។ លោក Barraud បាននិយាយទៀតថា នេះនឹងកំណត់សមត្ថភាព របស់គាត់ក្នុងការ កាត់បន្ថយពន្ធ ដោយបង្ខំឱ្យគាត់ផ្តោតលើ គោលនយោបាយការបរទេស ដែលទំនងជាដោយការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងពន្ធ។ លោកបានបន្ថែមថា លទ្ធផល នឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យសេដ្ឋកិច្ចអាមេរិក កើនឡើងយឺតក្នុងរយៈពេលវែង ។ ប៉ុន្តែប្រសិនបើ លោកស្រី Harris ឈ្នះជាមួយនឹងសភាដែលបែងចែក នឹងមានការផ្លាស់ប្តូរតិចតួចបំផុត ចំពោះគោលនយោបាយសេដ្ឋកិច្ច ៕
ប្រែសម្រួលៈ ណៃ តុលា