បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោនបានប្រកាសថា ខ្លួននឹងដាក់កម្រិត ចំពោះទិដ្ឋាការអាមេរិក សម្រាប់មនុស្ស ទទួលខុសត្រូវចំពោះការបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្គាណា។
ប្រភពដដែលបានសរសេរទៀតថាការព្រមាននេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ពោលគឺនៅចំពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភារបស់ប្រទេស អាហ្វ្រិកខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍ដែល ប្រកាសអំពីគោលនយោបាយរឹតបន្តឹងទិដ្ឋាការ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងជំរុញលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្គាណា និងជុំវិញពិភពលោក។
ប្រទេសហ្គាណាបានរៀបចំការបោះឆ្នោត ដែលអ្នកសង្កេតការណ៍ ពណ៌នាថាមានភាពសេរី និងយុត្តិធម៌ ដែលអនុញ្ញាតឱ្យមានការផ្ទេរអំណាចដោយសន្តិវិធីរវាងគណបក្សនានាអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។
គួរឲ្យដឹងដែរថាការបោះឆ្នោតសកលដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែធ្នូ នឹងក្លាយជាការបោះឆ្នោតលើកទី៩ ចាប់តាំងពីប្រទេសនេះវិលទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងឆ្នាំ១៩៩២៕
ប្រែសម្រួល៖ស៊ុនលី