ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារវាយប្រហារ របស់អ៊ីស្រាអ៊ែលមកលើប្រទេសលីបង់ កើនឡើងដល់ ២.៧៩២នាក់ ខណៈអ្នករងរបួសមានរហូតដល់ជាង ១២.៧០០នាក់

AFP

បេរូត៖ ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើប្រទេសលីបង់ គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់២.៧៩២នាក់ ខណៈដែលអ្នករងរបួសបានកើនឡើងដល់ ១២.៧៧២នាក់គិតត្រឹមថ្ងៃអង្គារ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់តែនៅថ្ងៃចន្ទប៉ុណ្ណោះ មានមនុស្សចំនួន ៨២នាក់បានស្លាប់ និងចំនួន១៨០នាក់ផ្សេងទៀតបានរងរបួស ។

លើសពីនេះ ប្រភពពីយោធាលីបង់បានឲ្យដឹងថា កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសជាង ៥០លើកមកលើភូមិ ទីក្រុង និងទីក្រុងប្រហែល៣០ នៅភាគខាងត្បូងប្រទេសលីបង់ ។

ប្រភពដែលប្រាប់ឲ្យដឹង ដោយជនអនាមិកបានឲ្យដឹងថា ការវាយប្រហារដ៏ខ្លាំងបំផុតបានកើតឡើងនៅក្នុងសង្កាត់ Saida នៃទីក្រុង Sidon ភាគខាងត្បូង ជាកន្លែងដែលអគារចំនួន៣ ត្រូវបានគេកំណត់គោលដៅ បណ្តាលឱ្យមនុស្សស្លាប់០៦នាក់ និងរបួស៣៧នាក់ ដែលភាគច្រើនជាបុគ្គលផ្លាស់ទីលំនៅ ។

ប្រភពបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល ក៏បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន ៣លើក នៅលើផ្លូវព្រំដែនតភ្ជាប់ប្រទេសលីបង់ និងស៊ីរី ជាមួយនឹងការបាញ់មីស៊ីល ពីដែនអាកាសទៅដីចំនួន ៦គ្រាប់ ដោយរារាំងចលនារបស់អ្នកថ្មើរជើងដែលធ្វើដំណើរ ក្នុងទិសដៅទាំងពីររវាងប្រទេសទាំង២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top