តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសការវាយប្រហារយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅ Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។
ការវាយប្រហារតាមសេចក្តីរាយការណ៍បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៣នាក់ ក្នុងនោះមានកុមារ ២០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
លោក Baghaei បានរិះគន់ការបន្តរបស់អ៊ីស្រាអែល “ការប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនប៉ាឡេស្ទីន ដែលគ្មានការការពារ ក៏ដូចជាការផ្តោតទៅលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ដោយអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ “ឧក្រិដ្ឋកម្ម” និងនាំមេដឹកនាំអ៊ីស្រាអែលទៅកាន់យុត្តិធម៌។
លោកបានបរិហារសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀត ដែលបានផ្តល់ការគាំទ្រផ្នែកយោធា និងនយោបាយដល់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សាក្សីក្នុងតំបន់បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់នៅ Beit Lahia ដោយបង្ខំឱ្យជួយអ្នកស្រុក និងជនរងគ្រោះចេញពីកម្ទេចកម្ទីដោយដៃដោយសារតែខ្វះក្រុមគ្រូពេទ្យ និងក្រុមការពារជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា