បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គ្មានការចរចាជាមួយអ៊ុយក្រែន អាចកើតឡើងបានទេ លុះត្រាតែក្រុងគៀវត្រូវតែបោះបង់ ការប៉ុនប៉ងចូលរួមជាសមាជិកជាមួយអង្គការណាតូ និងកងទ័ពរបស់ខ្លួនដកខ្លួន ចេញពីទឹកដីរុស្ស៊ីបច្ចុប្បន្ន។
ការលើកឡើងសាជាថ្មីអំពី លក្ខខណ្ឌដោយភាគីរុស្សីនេះត្រូវបាន ធ្វើឡើងដោយមន្ត្រីកំពូលផ្នែកសារព័ត៌មាន របស់ប្រធានាធិបតី Vladimir Putin ដែលកំពុងធ្វើអត្ថាធិប្បាយលើការរំពឹងទុក និងចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Financial Times កន្លងមកអំពីសន្តិភាពសម្ងាត់រវាងកិច្ចពិភាក្សារុស្ស៊ី និងអ៊ុយក្រែន ដោយដាក់ស្លាកថាជាព័ត៌មានក្លែងក្លាយ។
ប្រភពព័ត៌មានរបស់លោកខាងលិច មួយនេះក៏បានអះអាងផងដែរថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន និងរុស្ស៊ីបានឈានដល់ការ យោគយល់គ្នាទៅវិញទៅមករួចទៅហើយ ដើម្បីបញ្ឈប់ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់គ្នាទៅវិញទៅមក ដោយហៅវាថាជា ការបន្ធូរបន្ថយដ៏សំខាន់បំផុត នៃជម្លោះរហូតមកដល់បច្ចុប្បន្ន។
លោកPeskov បានឆ្លើយតបដោយនិយាយថា ឥឡូវនេះមានរឿងក្លែងក្លាយជាច្រើន ដែលមិនទាក់ទងនឹងការពិតទាល់តែសោះ ដោយបន្ថែមថា សូម្បីតែការបោះពុម្ពផ្សាយដែលគួរឱ្យ គោរពបំផុតមិនខ្មាស់អៀនពីការ ចេញផ្សាយព័ត៌មានបំភាន់នេះទៅវិញ។
គួរឲ្យដឹងដែរថាកន្លងមកប្រទេសរុស្ស៊ី បានទទួលសំណើពីប្រទេសតួគី ដើម្បីពិភាក្សាអំពីការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលកាលពីខែមុន នេះបើយោងតាមអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu ដែលឥឡូវនេះមានតួនាទី ជាលេខាក្រុមប្រឹក្សាសន្តិសុខ ហើយបើយោងតាមលោក Shoigu រុស្ស៊ីក៏បានបង្ហាញឆន្ទៈក្នុងការពិចារណា លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយផងដែរ ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធ ៕
ប្រែសម្រួល៖ ស៊ុន លី