ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្ស អំពាវនាវឱ្យដកអាវុធនុយក្លេអ៊ែរ របស់អាមេរិក ចេញពីអឺរ៉ាស៊ី

Xinhua

មីនស៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានអំពាវនាវឱ្យដកអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ចេញពីអឺរ៉ាស៊ី ដើម្បីកាត់បន្ថយភាពតានតឹងជាសកល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិទីក្រុងមីនស៍ លើកទី២ ស្តីពីសន្តិសុខអឺរ៉ាស៊ី លោក Lukashenko បានគូសបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជាសកល ជាពិសេសការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា លីបង់ និងអ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ដោយដកស្រង់សម្តី មេដឹកនាំបេឡារុស្សរូបនេះថា “ដើម្បីបញ្ចៀសស្ថានការណ៍យ៉ាងពិតប្រាកដ និងបង្កើតលក្ខខណ្ឌ សម្រាប់កិច្ចសន្ទនា ចាំបាច់ត្រូវដកអាវុធនុយក្លេអ៊ែររបស់អាមេរិក ចេញពីទឹកដីនៃបណ្តាប្រទេសអឺរ៉ាស៊ី” ។

លោក Lukashenko ក៏បានឲ្យដឹងផងដែរថា វាចាំបាច់ក្នុងការបញ្ចប់ការដាក់ទណ្ឌកម្មខុសច្បាប់ ដែលត្រូវបានដាក់ដោយគ្មានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើតយន្តការដ៏មានប្រសិទ្ធភាព នៃការធានាផ្នែកច្បាប់អន្តរជាតិ ប្រឆាំងនឹងសម្ពាធបែបនេះ។

លោកក៏បានអំពាវនាវឱ្យបង្កើតក្របខណ្ឌច្បាប់ ដែលនឹងធានាបាននូវការគ្រប់គ្រង និងតម្លាភាពលើបច្ចេកវិជ្ជាដ៏សាហាវថ្មី ដែលបង្កការគំរាមកំហែងដល់មនុស្សជាតិ ទោះបីជាគ្មានអាវុធនុយក្លេអ៊ែរក៏ដោយ។

លោក Lukashenko បានបន្ដថា វាចាំបាច់សម្រាប់ភាគីទាំងអស់នៃវិបត្តិអ៊ុយក្រែន ដើម្បីចូលរួមការចរចាដោយគ្មានលក្ខខណ្ឌជាមុន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាសេចក្តីព្រាងកិច្ចព្រមព្រៀង សន្តិភាពសម្រេចបានក្នុងខែមីនា ឆ្នាំ២០២២ រវាងរុស្ស៊ី និងអ៊ុយក្រែន អាចជាមូលដ្ឋានគ្រឹះ សម្រាប់ការបន្តកិច្ចចរចាបែបនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top