ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ពង្រាយទ្រព្យសម្បត្តិយោធាបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា

afp

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទ្រព្យសម្បត្តិយោធាបន្ថែម រួមទាំងនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin “បានបញ្ជាឱ្យដាក់ពង្រាយនាវាពិឃាតការពារមីស៊ីលផ្លោងបន្ថែម កងនាវាចម្បាំង និងយន្តហោះដឹកប្រេង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់កងទ័ពអាកាសអាមេរិក B-52 ជាច្រើនគ្រឿងទៅកាន់តំបន់” ហើយកងកម្លាំងទាំងនេះត្រូវបានគេរំពឹងថា នឹងមកដល់នាពេលខាងមុខនេះ។ 

លេខាធិការសារព័ត៌មានមន្ទីបញ្ចកោណ លោក Pat Ryder បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពង្រាយចុងក្រោយបំផុតកើតឡើងនៅពេលដែល USS Abraham Lincoln Carrier Strike Group រៀបចំ ដើម្បីចាកចេញពីមជ្ឈិមបូព៌ា។

លោកបានលើកឡើងថា អង្គភាពបេសកកម្មដែនសមុទ្រ Amphibious Ready Group ដែលត្រូវបានដាក់ពង្រាយពីមុននឹងនៅតែស្ថិតនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “លោក Austin បន្តបញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើអ៊ីរ៉ង់ ដៃគូរបស់ខ្លួន ឬអ្នកតំណាងរបស់ខ្លួនប្រើពេលនេះ ដើម្បីកំណត់គោលដៅបុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង” ។

ការលើកឡើងរបស់លោក Austin បានធ្វើតាមការសងសឹករបស់អ៊ីស្រាអែល កាលពីមួយសប្តាហ៍មុនប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលផ្លោងរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top