ចិនសាស្ត្រ ឬការសិក្សាចិន ឬអ្នកសិក្សាចិនវិជ្ជា បានក្លាយជាវេទិកា ដ៏សំខាន់ សម្រាប់ផ្តល់ ជូនដល់ជនបរទេស បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ ជាមួយជនជាតិចិន លើវិស័យអក្សរសាស្ត្រ ភាសា វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ហើយចាប់ពីឆ្នាំ២០២៣មក នៅប្រទេសចិន សន្និសីទអន្តរជាតិ ស្តីពីចិនសាស្រ្ត ត្រូវបានរៀបចំឡើង សមាគមចិន សម្រាប់ការយល់ដឹងអន្តរជាតិ ជាទីកន្លែងដែលអ្នកឯកទេស ចិនវិជ្ជា និងចិនវិទូ នៅលើពិភពលោក បានមកជួបជុំគ្នា ដើម្បីពិភាក្សាពីគុណតម្លៃ នៃការសិក្សាចិន ឬចិនសាស្ត្រក្នុងការថែរក្សាសន្តិភាព និងរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍសកល ។ ពិភពលោកបានចាំយ៉ាងច្បាស់ ពីខ្លឹមសារជាសារវ័ន្ត របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានផ្ញើសារអបអរសាទរ នៅក្នុងសន្និសីទពិភពលោក លើកទី១ នៃចិនសាស្រ្ត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា «តាមរយៈចិនសាស្រ្ត ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់អង្គភាពពាក់ព័ន្ធនានាដើម្បីរួមគ្នាលើកតម្លៃសកល នៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព និង អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ។ ការផ្លាស់ប្តូរវប្បធម៌នឹងនាំយើងឆ្លងផុត ពីភាពខ្វែងគំនិតគ្នា ការរៀនសូត្រគ្នាទៅវិញ ទៅមក នឹងនាំយើងឆ្លងផុតពីការប៉ះទង្គិចគ្នា ហើយការរួមរស់ដោយសុខដុមនីយកម្មជាមួយគ្នា នឹងនាំយើងឱ្យមានលើស ពីអារម្មណ៍ក្នុងបច្ចុប្បន្នភាព ដោយសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ភ្លឹស្វាងរួមគ្នា ដែលនាំឱ្យអរិយធម៌មនុស្សជាតិ នឹងមានវឌ្ឍនភាពឈានឡើង»។
ចិនសាស្រ្តបាន ក្លាយជាមុខវិជ្ជា និងជាត្រីវិស័យ នៃការសិក្សាដោយជនបរទេស បានទទួលពុទ្ធិនិងបទពិសោធន៍ ពីការលាតត្រដាងដោយអ្នកជំនាញ ជនជាតិចិន ពីអរិយធម៌ដែលមានអាយុកាលជាង ៥ពាន់ឆ្នាំ របស់ប្រទេសចិន ហើយដែលអ្នកឯកទេសនានា របស់បរទេសបាននិងកំពុងសិក្សា យ៉ាងស៊ីជម្រៅ ដើម្បីបង្កើនភាពជិតស្និទ្ធ និងតំណភ្ជាប់កាន់តែរឹងមាំ រវាងបរទេសនិងចិនតាមរយៈការសិក្សាពីចិន។ ជាសច្ចភាព ចិនសាស្ត្របានបង្កើន ភាពទាក់ទងគ្នា តាមរយៈអ្នកឯកទេសចិនវិជ្ជា និងចិនវិទូមកពីជុំវិញពិភពលោក ដែលជាស្ពានតភ្ជាប់រវាងអរិយធម៌ចិន និងអរិយធម៌មនុស្សជាតិ ហើយតាមរយៈការរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពពីគំនិតផ្តួចផ្តើម«អរិយធម៌សកល» ដើម្បីរួមកម្លាំងគ្នាពង្រឹងការយល់ដឹង កាន់តែស៊ីជម្រៅ ពង្រីកវិមាត្រ កាន់តែទូលំទូលាយនិងយូរអង្វែង នៃមិត្តភាព និងបង្កើនបរិមាណកាន់តែធំ និងឈ្នះ-ឈ្នះនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងពិភពលោក ស្របនឹងគោលបំណងនៅក្នុងសន្និសីទពិភពលោកលើកទី២នៃចិនសាស្រ្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានគូសបញ្ជាក់ដោយលោក Ji Bingxuan ប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ថា «ចិនសាស្ត្របាននិង កំពុងរួមចំណែកអនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាង អរិយធម៌ចិននិងបរទេស ។ តាមរយៈចិនសាស្ត្រ មនុស្សជាតិនឹងរួមដៃគ្នា ដើម្បីបន្តក្តីសុបិននៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុ នៃទំនើបកម្មពិភពលោក ព្រមទាំងកសាងមូលដ្ឋានគ្រឹះសន្តិសុខ រួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក»។ បន្ថែមពីលើនេះ ចិនសាស្រ្តនឹងប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់ការទទួលមរតក និងនវានុវត្ត នៃវប្បធម៌របស់មនុស្សជាតិ ដើម្បីរួមគ្នាកសាងស្ពានដ៏រឹងមាំនិង ភាពរលូននៃទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដោយផ្តោតជាពិសេសលើការរួមចំណែកលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក និងការស្រឡាញ់គ្នា ទៅវិញទៅមក ។ ចិនដែលជាប្រជាជាតិរាប់អាន ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះមិត្តភាព ស្របនឹងគតិដ៏មានតម្លៃ ជាសកល របស់ខុងជឺ ដែលបានពោលថា «មានមិត្តមកពីឆ្ងាយ ជាសុភមង្គលរបស់ម្ចាស់ផ្ទះ» ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ចិនសាស្ត្របានក្លាយ ជាប្រទីបបំភ្លឺរស្មី នៃមិត្តភាពប្រកបដោយវិបុលភាព និងភាតរភាពសម្រាប់មនុស្សជាតិ ។ ចិនសាស្ត្រ ដែលបានបន្តដំណើរ រាប់ពាន់ឆ្នាំមកនេះ បានក្លាយជាមុខជំនាញ ដ៏ល្បីខ្ទរខ្ទាមួយដែលក្នុងរយៈ ពេល១ទសវត្សរ៍នេះ ជនបរទេសនៅក្នុងប្រទេសជាច្រើន បានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្រាវជ្រាវ ចែករំលែក ផ្សព្វផ្សាយ និងរួមចំណែកជាមួយជនជាតិចិនក្នុងការអភិវឌ្ឍចិនសាស្ត្រនេះដោយផ្អែកលើមូលដ្ឋាន នៃការរៀនសូត្រទៅវិញទៅមករវាងអ្នកសិក្សាចិន ដោយប្រកាន់ខ្ជាប់នូវសមភាព ការសន្ទនា និងការយល់ដឹង ពីអរិយធម៌ចម្រុះរបស់មនុស្សជាតិ ។ ចិនសាស្រ្តបានគូសបញ្ជាក់ ពីកម្លាំងចលករសំខាន់ របស់អ្នកសិក្សាចិន សម្រាប់ការលើកកម្ពស់វឌ្ឍនភាព នៃអរិយធម៌មនុស្សជាតិដោយផ្តើមពីចិនវិជ្ជា ហើយប្រកាន់ខ្ជាប់នូវមូលដ្ឋាន នៃគំនិតផ្តួចផ្តើម អរិយធម៌សកល ដែលបានចាក់ ឫសចូលជ្រៅ ទៅក្នុងការយល់ ដឹងពីភាពចម្រុះនៃអរិយធម៌សកល និងកិច្ចខិតខំពង្រឹងនិង អភិវឌ្ឍទ្រឹស្តីប្រវត្តិសាស្រ្ត ពិភពលោក ព្រមទាំងការរួមគ្នាគិតគូសវាសប្លង់មេ នៃសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយសម្រេចបាននូវការអភិវឌ្ឍសកល ប្រកបដោយភាពច្បាស់លាស់លើគំរូនៃការផ្លាស់ ប្តូរវប្បធម៌អន្តរជាតិ អភិបាល កិច្ចសកល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងការសម្រេច បាននូវលទ្ធផលជាក់ស្តែង សម្រាប់ទាំងអស់ ស្របនឹងសុភាសិតសកលថា «រៀនចេះភាសាចិន មានមិត្តនៅជុំវិញពិភពលោក» ហើយមានតែយើង យល់ពីភាសាគ្នា ទៅវិញទៅមក ទើបយើងអាចសើច-យំជាមួយគ្នាបាន ព្រមទាំងមានភាសាបេះដូង ដែលបរិយាយត្រង់ទៅត្រង់មកមិនចេះចប់ ។ ជាក់ស្តែង គោលការណ៍សន្តិភាពបញ្ចសីលារបស់ប្រទេសចិនក្នុងរយៈពេល៧០ឆ្នាំមកនេះ បានជ្រាតចូលទៅក្នុងផ្នត់គំនិតមនុស្សជាតិតាមរយៈអ្នកជំនាញចិនវិជ្ជា ឬអ្នកសិក្សាចិន ឬចិនសាស្រ្ត ដែលបានរួមចំណែក ក្នុងរង្វង់នៃកិច្ចអភិវឌ្ឍសកល។
ជារួមចិនសាស្រ្តដែលនឹងក្លាយជាមុខវិជ្ជាសិក្សាមួយ នៅក្នុងសង្គមដោយពន្យល់យ៉ាងច្បាស់លាស់ពីចិនវិជ្ជាដល់អ្នកសិក្សាស្រាវជ្រាវពីប្រទេសចិន ក្នុងពេលដែលចិន សាស្រ្តនឹងក្លាយជាឯកទេស ដ៏ពោរពេញដោយគរុសភាក្នុងការផ្សព្វផ្សាយពីគុណតម្លៃនៃអរិយធម៌ចិន និងហ្សែនសន្តិភាព របស់ជនជាតិចិន ដែលពន្លាតវិសាលភាពជាង៥ពាន់ឆ្នាំកន្លងមកនេះជាសក្ខីភាពបញ្ជាក់ស្រាប់។ ចិនសាស្រ្តដែលបានផ្តល់នូវការសិក្សាពីចិនវិជ្ជា ឬជំរុញការយល់ដឹង នៃការសិក្សាចិន នឹងរួមចំណែកបង្កើនការអភិវឌ្ឍសកលតាមរយៈទំនើបកម្មសង្គមរបស់ប្រទេសចិនដែលជាកាលានុវត្តភាព និងជាគំរូភាព ព្រមទាំងជានិម្មិតរូប នៃការចែករំលែក ដល់ប្រទេសនានា ពីបទពិសោធន៍របស់ប្រទេសចិន ដែលជាកាតាលីករដ៏សំខាន់ នៃការជំរុញល្បឿនទំនើបកម្មសកល ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន