ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អាមេរិក ជប៉ុន ធ្វើសមយុទ្ធដែនអាកាសរួមគ្នា បន្ទាប់ពីកូរ៉េខាងជើងបាញ់ សាកល្បងមីស៊ីល ICBM

kyodo

តូក្យូ ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា កាលពីថ្ងៃអាទិត្យជាមួយសហរដ្ឋអាមេរិក និងជប៉ុន បីថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ដែលជាពេលវេលាហោះហើរ វែងបំផុតមិនធ្លាប់មាន សម្រាប់អាវុធបែបនេះពីប្រទេសនេះ ។

យោធាបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល របស់ទីក្រុងព្យុងយ៉ាង សមយុទ្ធត្រីភាគីបានធ្វើឡើងនៅក្នុងដែនអាកាស ដែលតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសនៃទីក្រុងសេអ៊ូល និងទីក្រុងតូក្យូត្រួតស៊ីគ្នា ភាគខាងជើងនៃកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ។

យោធាបានបន្ថែមថា យ៉ាងហោចណាស់មានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់កងទ័ពអាកាសអាមេរិកបានចូលរួម។ វាជាលើកទី៤ ក្នុងឆ្នាំ២០២៤ ដែលយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកត្រូវបានដាក់ពង្រាយនៅជុំវិញឧបទ្វីបកូរ៉េ។ ប្រទេសទាំងបីបានធ្វើសមយុទ្ធ ស្រដៀងគ្នានេះម្តងរួចមកហើយ កាលពីដើមឆ្នាំនេះ។

យន្តហោះចម្បាំង F-2 របស់កងកម្លាំង ស្វ័យការពារដែនអាកាសជប៉ុន និងយន្តហោះ F-15 របស់កូរ៉េខាងត្បូងក៏បានចូលរួម សមយុទ្ធកាលពីថ្ងៃអាទិត្យផងដែរ ដោយមានការភ័យខ្លាច កាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ លើកទីប្រាំពីររបស់ខ្លួននាពេលខាងមុខបន្ទាប់ ពីការបាញ់មីស៊ីល ICBM ចុងក្រោយបង្អស់។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធនេះមានគោលបំណងបង្ហាញ ពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ កាន់តែស៊ីជម្រៅក្នុងចំណោមទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ។ ភាព​តានតឹង​បាន​និង​កំពុង​កើន​ឡើង ​នៅ​ឧបទ្វីប​កូរ៉េ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មីស៊ីលរបស់​ក្រុង​ព្យុងយ៉ាង៕

To Top