បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក ត្រូវបានគេរាយការណ៍ថា បានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅទីក្រុង Austin រដ្ឋ Texas ដើម្បីស្នាក់នៅក្នុងគ្រួសារដ៏ធំរបស់លោក ដែលរួមមានអតីតដៃគូបីនាក់ និងកូនយ៉ាងហោចណាស់ ១១ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
យោងតាមប្រភពដែលដកស្រង់ដោយកាសែត New York Times ការទិញនេះរួមមានអចលនទ្រព្យពីរនៅជាប់គ្នា៖ វិមានរចនាប័ទ្ម Tuscan ទំហំ ១៤.០០០ ហ្វីតការ៉េ និងផ្ទះដែលមានបន្ទប់គេង ៦ នៅពីក្រោយ។ ដើម្បីធានាភាពឯកជន លោក Elon Musk បានឱ្យអ្នកលក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានជាច្រើន ហើយបានបង់ប្រាក់រហូតដល់ ៧០ភាគរយ លើសពីតម្លៃទីផ្សារ។
លោក Musk មានបំណងឱ្យម្តាយពីរនាក់គឺនាយកប្រតិបត្តិក្រុមហ៊ុន Neuralink លោកស្រី Shivon Zilis និងតារាចម្រៀង Grimes រស់នៅលើអចលនទ្រព្យនេះ។ ការរៀបចំនេះមានគោលបំណងអនុញ្ញាតឱ្យមានការគ្រប់គ្រងពេលវេលាកាន់តែប្រសើរជាមួយកូនរបស់គាត់ និងជំរុញទំនាក់ទំនងរវាងពួកគេ។
ខណៈពេលដែលគាត់បើកចំហសម្រាប់ការសួរសុខទុក្ខពីភរិយាដំបូងរបស់គាត់គឺ Justine Musk អាយុ ៥២ ឆ្នាំ និងកូនពេញវ័យរបស់ពួកគេ ពួកគេមិនមែនជាអាទិភាពក្នុងផែនការរស់នៅនោះទេ។ ទោះជាយ៉ាងណាក៏មានគេនិយាយថា នឹងមានកន្លែងសម្រាប់ពួកគេប្រសិនបើពួកគេចង់ទៅលេង៕
ប្រែសម្រួលៈ ណៃ តុលា