បរទេស៖ អ្នកស្រុកដែលមានកំហឹងបាននាំគ្នាស្រែក និងគប់ស៊ុតដាក់ស្តេច Felipe និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញ នៅពេលដែលពួកគេបានទៅទស្សនកិច្ច ឬ ទតតំបន់ Valencia ជាកន្លែងដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះអង្គ Felipe បានប្រឈមមុខនឹងការស្រែកថា “ឃាតក” នៅពេលដែលទ្រង់បានទៅទស្សនកិច្ចតំបន់ Paiporta ដែលរងគ្រោះខ្លាំងនៅខាងក្រៅទីក្រុង Valencia រួមជាមួយនឹងនាយករដ្ឋមន្ត្រី Pedro Sanchez និងអភិបាលតំបន់ Carlos Mazon ជាកន្លែងដែលអ្នកស្រុកចោទប្រកាន់ អាជ្ញាធរពីការឆ្លើយតបដ៏ខ្ជិល ឬ មិនទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយនេះ។
បន្ទាប់ពីពួកគេថតរូបរួច ហ្វូងមនុស្សចាប់ផ្ដើមជេរប្រមាថស្ដេច, Mazon និង Sanchez។ ហ្វូងមនុស្សបានលោតកញ្ជ្រោលទៅមុខ ខណៈសន្តិសុខបានបើកឆ័ត្រ ដើម្បីព្យាយាមការពារ។
ដោយប្រឈមមុខនឹងអ្នកស្រុកម្នាក់, ស្តេច Felipe រក្សាភាពស្ងប់ស្ងាត់ ហើយបន្ទាបឆ័ត្ររបស់គាត់ ដើម្បីស្តាប់ប្រជាជនរូបនោះ ខណៈដែលប៉ូលីសបានព្យាយាម គ្រប់គ្រងអ្នកដែលបានប្រមូលផ្តុំ។ ម្ចាស់ក្សត្រី Letizia ក៏បាននិយាយជាមួយ អ្នកស្រុកដែលខឹងសម្បារផងដែរ ហើយមើលទៅហាក់ដូចជាភ័យញ័រ ដោយកាន់មួកនៅក្នុងដៃ។
បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ គ្រួសាររាជវង្សបានចេញផ្សាយវីដេអូ បន្ទាប់ពីការតវ៉ាដោយបង្ហាញពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី បារម្ភចំពោះអ្នកស្រុកដែលមានទុក្ខព្រួយ។ បុរសម្នាក់យំឱបព្រះហស្ដរបស់ស្ដេច, ស្ដេចទ្រង់ត្រូវបានគេឃើញ ឱបស្ត្រីពីរនាក់ដែលកំពុងយំ ៕
ប្រែសម្រួលៈ ណៃ តុលា