បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីវិទ្យុជាតិប៉ូឡូញ Polskie បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយ ដកស្រង់សម្តីមន្ត្រីសហភាពអឺរ៉ុបថា គណៈកម្មការអឺរ៉ុបទំនងជាមិនបង្ហាញ សំណើណាមួយសម្រាប់ កញ្ចប់ទណ្ឌកម្មថ្មីដែលផ្តោតលើប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះទេ ដោយសារតែការជំរុញជា បន្តបន្ទាប់ពីប្រទេសហុងគ្រី។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ របស់សារព័ត៌មានរដ្ឋនេះ បានបញ្ជាក់ទៀតថា៖ការដាក់ទណ្ឌកម្មថ្មីនឹងមិន អាចទៅរួចទេក្រោមអធិបតីភាពហុងគ្រីបច្ចុប្បន្ននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយទីក្រុងប្រ៊ូសែលកំពុងរង់ចាំទីក្រុង Warsaw ដើម្បីគ្រប់គ្រងការដឹកនាំរបស់ក្រុមប្រឹក្សា មុនពេលខ្លួននឹង ចាប់ផ្តើមចាត់វិធានការរឹតបន្តឹងថ្មី។
រំលឹកដែរថាប្រទេសហុងគ្រីបានចូលកាន់តំណែងជាប្រធានប្តូរវេនរយៈពេលប្រាំមួយខែនៃក្រុមប្រឹក្សាពីបែលហ្ស៊ិកនៅថ្ងៃទី១ខែកក្កដាហើយ ភាពជាប្រធានរបស់ប៉ូឡូញនឹងចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០២៥។
របាយការណ៍ពីប្រភពដដែលបានបង្ហាញដែរថា ការពិគ្រោះយោបល់ដាក់ទណ្ឌកម្ម ជាចម្បងទាក់ទងនឹងផលិតផលកសិ-អាហារ និងផលិតផលឧស្សាហកម្មដោយ គណៈកម្មការនេះត្រូវបានគេរាយការណ៍ថាក៏កំពុងពិនិត្យមើលជម្រើស និងផលប៉ះពាល់ផ្សេងៗសម្រាប់ពន្ធបន្ថែមលើទំនិញពីប្រទេសរុស្ស៊ី និងបេឡារូសផងដែរ។
គួរឲ្យដឹងដែរថានៅក្នុងកញ្ចប់ទី១៤ នៃការរឹតបន្តឹងរបស់ខ្លួនដែលបានអនុម័តនៅក្នុងខែមិថុនា សហភាពអឺរ៉ុបបានចុះបញ្ជី ខ្មៅបុគ្គល និងអង្គភាពចំនួន១១៦របស់រុស្ស៊ី ក៏ដូចជាការដឹកជញ្ជូន ឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី និងប្រព័ន្ធទូទាត់របស់ប្រទេសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី