បរទេស៖ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានអះអាងនូវជ័យជម្នះក្នុងការប្រជែង តំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ បន្ទាប់ពីសារព័ត៌មាន Fox News បានព្យាករណ៍បញ្ចប់ថា លោកបានយកឈ្នះគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ខាមេឡា ហារីស ហើយដែលនឹងនាំមកនូវការត្រលប់មកវិញ នូវនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល ៤ ឆ្នាំបន្ទាប់ពីលោកបានចាកចេញពីសេតវិមាន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកបាននិយាយនៅព្រឹកថ្ងៃពុធនេះ ទៅកាន់ហ្វូងអ្នកគាំទ្រនៅមជ្ឈមណ្ឌលសន្និបាត Palm Beach County អមដោយមិត្តរួមតំណែង អនុប្រធានាធិបតីរបស់លោក ដែលជាសមាជិកព្រឹទ្ធសភា JD Vance មេដឹកនាំគណបក្សសាធារណរដ្ឋ និងសមាជិកនៃគ្រួសាររបស់លោកថា “អាមេរិកបានផ្តល់ឱ្យយើងនូវអាណត្តិ ដែលមិនធ្លាប់មានពីមុនមក និងមានអំណាច” គាត់បាននិយាយកាលពីព្រឹកថ្ងៃពុធ ។
លោក ដូណាល់ ត្រាំ ក៏បានចំណាយពេលជាច្រើននាទី ក្នុងការសរសើរដល់ មហាសេដ្ឋី Elon Musk ដែលជាបុរសមានបំផុតនៅលើពិភពលោក ដែលបានចំណាយប្រាក់ចំនួន ១២០ លានដុល្លារ ក្នុងការជួយគាំទ្រយុទ្ធនាការរបស់លោក ត្រាំ ។ លោកបាននិយាយថាលោកនឹងតែងតាំង លោក Musk ឱ្យដឹកនាំគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល។
សារព័ត៌មានផ្សេងទៀតមិនទាន់ផ្សាយអំពីជ័យជំនះសម្រាប់ លោក ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែលោកបានបង្ហាញខ្លួននៅលើគែមនៃការឈ្នះបន្ទាប់ពីដណ្តើមបានរដ្ឋសមរភូមិនៃរដ្ឋ Pennsylvania រដ្ឋ North Carolina និង Georgia ហើយកំពុងនាំមុខនៅក្នុងផ្នែកផ្សេងទៀត។
ចំណែកលោកស្រី ហារីស មិនបាននិយាយទៅកាន់អ្នកគាំទ្រ របស់លោកស្រីដែលបានប្រមូលផ្តុំគ្នា នៅសាកលវិទ្យាល័យ Howard នោះទេ។ សហប្រធានរបស់យុទ្ធនាការលោកស្រី គឺ Cedric Richmond បាននិយាយយ៉ាងខ្លីទៅកាន់អ្នកគាំទ្រ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រដោយនិយាយថា លោកស្រី ហារីស នឹងនិយាយជាសាធារណៈនៅថ្ងៃពុធ ៕
ប្រែសម្រួលៈ ណៃ តុលា