ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោក អបអរសាទរលោក Donald Trump ដែលឈ្នះការបោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ ២០២៤

AFP
" "

បរទេស៖ មេដឹកនាំពិភពលោក បានផ្តល់ការអបអរ សាទរ ដល់លោក Donald Trump នៅពេលដែលលោក បានទទួលជ័យជម្នះ នៅព្រឹកថ្ងៃពុធនៅក្នុងការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លោក Trump បានផ្តួលគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលជាការត្រលប់មកវិញ ផ្នែកនយោបាយជាប្រវត្តិសាស្ត្រ សម្រាប់អតីតប្រធានាធិបតីបក្ស សាធារណរដ្ឋ បន្ទាប់ពីចេញពីតំណែងរយៈពេល ៤ឆ្នាំ។

" "

នៅព្រឹកថ្ងៃពុធ មេដឹកនាំពិភពលោកជាច្រើនបានចូលទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីអបអរសាទរលោក Trump ដែលគោល នយោបាយការ បរទេស ដែលមិនអាចទាយ ទុកជាមុនបាន “America First” បានធ្វើឱ្យទំនាក់ទំនង ស្មុគស្មាញ ជាមួយសម្ព័ន្ធមិត្ត និងសត្រូវជាច្រើន របស់សហរដ្ឋអាមេរិក ដូចគ្នាក្នុងអំឡុងពេល អាណត្តិដំបូង របស់គាត់នៅក្នុងតំណែង។

" "

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu គឺជាសម្ព័ន្ធមិត្តដំបូង បង្អស់ របស់សហរដ្ឋអាមេរិក ដែលបានផ្ញើ សារគាំទ្រ ដោយសរសើរ “ការត្រឡប់មកវិញជាប្រវត្តិសាស្ត្រ” របស់លោក Trump ដែលគាត់បាននិយាយថា ផ្តល់នូវ “ការប្តេជ្ញាចិត្តដ៏មានឥទ្ធិពលចំពោះសម្ព័ន្ធភាពដ៏អស្ចារ្យរវាងអ៊ីស្រាអែល និងអាមេរិក” ។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ក្នុងសារអបអរសាទរ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹង “រក្សាជំហរ” ក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ហើយមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងគាំទ្រ សេចក្តីប្រាថ្នាស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន។

ប្រទេសកាតា ដែលជាអ្នក សម្រុះសម្រួលដ៏សំខាន់ នៅក្នុងកិច្ចចរចាបទ ឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង បានបន្តអបអរសាទរដល់លោក Trump ។ លោក Sheikh Tamim bin Hamad Al Thani មេដឹកនាំរបស់ប្រទេសកាតា បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជា មួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពទាំងក្នុងតំបន់ និងសកលលោក ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅក្នុងការបង្ហោះនៅលើ X បានអបអរសាទរ “មិត្ត” Trump របស់គាត់សម្រាប់ ការឈ្នះការ បោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកបន្ទាប់ពី “ការប្រយុទ្ធដ៏អស្ចារ្យ” ។ លោកបានបន្ថែមថា លោកសង្ឃឹមថា វិបត្តិក្នុងតំបន់ និងពិភពលោក ជាពិសេសសង្រ្គាមនៅមជ្ឈិមបូព៌ា និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នឹងឈានដល់ទីបញ្ចប់ ៕

To Top