ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បំបាំងកាយ J-35A នឹងដាក់បង្ហាញ នៅក្នុងកម្មវិធីពិព័រណ៍ Airshow China

Xinhua

ប៉េកាំង៖ កងទ័ពអាកាសចិន បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា គ្រឿងបរិក្ខារថ្មី  ក្នុងនោះរួមទាំងយន្តហោះចម្បាំង J-35A នឹងដាក់បង្ហាញនៅ ក្នុងពិព័រណ៍អាកាសចរណ៍ និងអវកាសអន្តរជាតិចិន លើកទី១៥ដែលត្រូវបានគេស្គាល់ថា Airshow China ។

លោក Niu Wenbo ប្រធាននាយកដ្ឋានបរិក្ខារ កងទ័ពអាកាសបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រៅពីយន្តហោះចម្បាំង បំបាំងកាយខ្នាតមធ្យម J-35A ប្រព័ន្ធមីស៊ីលពីដីទៅអាកាស HQ-19 និងយន្តហោះឈ្លប យកការណ៍ថ្មីដែលមិនមានមនុស្សបើកក៏នឹងត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងកម្មវិធីបង្ហាញផ្លូវអាកាសផងដែរ ។

យោងតាមអ្នកនាំពាក្យ របស់កងទ័ពអាកាស Xie Peng បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍យន្តហោះ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី១២ដល់១៧ខែវិច្ឆិកា នៅទីក្រុង Zhuhai ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន មានសកម្មភាពចម្រុះ រួមទាំងការបង្ហាញពីការ ហោះហើរយន្តហោះផងដែរ ។

យន្តហោះដែលគ្រោងនឹងហោះហើរ ក្នុងកម្មវិធីនោះរួមមាន យន្តហោះ J-20, J-16, និង YY-20A សម្រាប់ចាក់សាំង ។ កន្លែងផ្ទុកយន្តហោះ Y-20 ក៏នឹងបើកជាសាធារណៈផងដែរ ។

គេបានដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលជាមួយនឹង ពិធីរំលឹកខួបលើកទី៧៥ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top