បរទេស៖ ទស្សនាវដ្ដី Forbes រាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ បានកើនឡើងជិត ៣០០ លានដុល្លារអាមេរិក បន្ទាប់ពីជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី របស់លោកកាលពីថ្ងៃពុធ ដោយដាក់លោក ត្រាំ ជាអ្នកមានបំផុតទី ៥២៨ នៅលើពិភពលោក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ ត្រូវបានកាន់កាប់ជាចម្បងនៅក្នុងអចលនទ្រព្យ ប៉ុន្តែលោកក៏ជាម្ចាស់ទីលានវាយកូនហ្គោល, វិមាន, ហាងស្រា និងយន្តហោះ Boeing 757 ឆ្នាំ 1991 ដែលត្រូវបានគេស្គាល់ថាជា Trump Force One ។
លោក ត្រាំ ដែលមានអាយុ ៧៨ ឆ្នាំបានចាប់ផ្តើមអាជីពភ្លាមៗបន្ទាប់ពី បញ្ចប់ការសិក្សាដោយផ្តោតលើទីផ្សារអចលនទ្រព្យរបស់ Manhattan បន្ទាប់ពីចាកចេញពី Queens និង Brooklyn ដែលជាស្រុកកំណើតរបស់លោក, នេះបើយោងតាម The Mirror ។ លោក ដូណាល់ ត្រាំ បានចាប់ផ្តើមជាមួយនឹងប្រាក់កម្ចីចំនួន ១ លានដុល្លារអាមេរិកពីឪពុករបស់លោក ហើយបានធានានូវប្រាក់កម្ចីពីធនាគារចំនួន ១០០ លានដុល្លារបន្ថែមទៀតជាមួយនឹង ជំនួយរបស់ឪពុកលោក។ ការទទួលបានរបស់លោករួមមាន Grand Hyatt Hotel, Trump Tower និង Trump Plaza ដែលរួមចំណែកដល់ផលប័ត្រអចលនទ្រព្យដ៏រុងរឿង។

ទន្ទឹមនឹងនេះដែរ ទស្សនាវដ្ដី Time ដែលយោងលើតារាង Sunday Times Rich List បានលើកឡើងថា ស្តេច Charles ដែលមានព្រះជន្ម ៧៦ វស្សា មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៧២ លានដុល្លារអាមេរិក។
យោងតាមប្រភពដដែល ការកាន់កាប់ដ៏មានតម្លៃបំផុតរបស់ស្តេច Charles រួមមាន អចលនទ្រព្យ Sandringham និង Balmoral ។ អចលនទ្រព្យ Sandringham ដែលលាតសន្ធឹងលើផ្ទៃដី ២០.០០០ ហិចតា នៅភាគខាងកើតនៃប្រទេស មានតម្លៃប្រហែល ៣១៥ លានដុល្លារអាមេរិក។ អចលនទ្រព្យ Balmoral មានលក្ខណៈពិសេសប្រាសាទ Aberdeenshire និងគ្របដណ្តប់លើផ្ទៃដី ៥០.០០០ ហិចតា ដែលមានតម្លៃប្រហែល ២៦៥ លានដុល្លារអាមេរិក។

ទស្សនាវដ្ដី Time ក៏បានកត់សម្គាល់ផងដែរថា ទ្រព្យសម្បត្តិរបស់ព្រះអង្គម្ចាស់ William ដែលមានព្រះជន្ម ៤២ ឆ្នាំ ជាចម្បងបានមកពី Duchy of Cornwall របស់អង់គ្លេស ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១ ពាន់លានផោន (១,៣ ពាន់លានដុល្លារ) តាមប្រភពផ្សេងៗគ្នា៕
ប្រែសម្រួលៈ ណៃ តុលា
