តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទាំងអ៊ីរ៉ង់ និងប៉ាគីស្ថាន ជឿថាក្រុម “ភេរវករ” ដែលប្រតិបត្តិការនៅតាមព្រំដែនរួម នៃប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។
របាយការណ៍បានឲ្យដឹងថា លោកបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុង Islamabad ខណៈពេលដែលបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នារបស់អ៊ីរ៉ង់ និងប៉ាគីស្ថានក្នុងការប្រឆាំងនឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៦ ខែតុលា ហើយក្រុម “ភេរវករ” នៅថ្ងៃដដែលបានសម្លាប់សមាជិក ១០នាក់នៃកងកម្លាំងអនុវត្តច្បាប់របស់អ៊ីរ៉ង់ នៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ប្រទេស ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងការសម្របសម្រួលរវាងអ៊ីស្រាអែលនិង “ភេរវករ”។
ជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ខេត្ត Sistan និង Baluchestan របស់ប្រទេសអ៊ីរ៉ង់ បានឃើញការវាយប្រហារភេរវកម្មជាច្រើន លើកទាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។ លោក Araghchi បានសង្កត់ធ្ងន់ថា ក្នុងដំណើររបស់លោកថា អ៊ីរ៉ង់ និងប៉ាគីស្ថានបានសម្រេចចិត្តបង្កើន សកម្មភាពរួមគ្នាប្រឆាំងនឹងក្រុម “ភេរវករ” ទាំងនោះ។ លោកបានបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពថា ការវាយប្រហាររបស់អ៊ីស្រាអែល និង “ឧក្រិដ្ឋកម្ម” ប្រឆាំងនឹងតំបន់ហ្គាហ្សា និងលីបង់ត្រូវបញ្ឈប់។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះ បានទៅដល់ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់។ កាលពីថ្ងៃទី២៦ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស “ច្បាស់លាស់ និងកំណត់គោលដៅ” លើទីតាំងនានាក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ នាពេលថ្មីៗនេះពីប្រទេសនេះ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានទប់ទល់នឹងការវាយប្រហារ របស់អ៊ីស្រាអែលដោ យជោគជ័យ ដែលបណ្តាលឱ្យមានការខូចខាតមានកម្រិត ៕
ប្រែសម្រួល ឈូក បូរ៉ា