ព័ត៌មានអន្តរជាតិ

លោក ពូទីន អនុម័តសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយកូរ៉េខាងជើង

Xinhua

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាដំបូងដោយមេដឹកនាំកំពូល នៃប្រទេសទាំងពីរនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែមិថុនា ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋឌូម៉ា ឬសភាជាន់ទាបនៅថ្ងៃទី២៤ ខែតុលា ហើយសភាជាន់ខ្ពស់របស់រុស្ស៊ីក្រុមប្រឹក្សាសហព័ន្ធបានអនុម័តលើ នៅថ្ងៃទី០៦ ខែវិច្ឆិកា។

ខ្លឹមសារសន្ធិសញ្ញាបានឲ្យដឹងថា ឯកសារនេះស្របទៅនឹងផលប្រយោជន៍ស្នូលរបស់ប្រជាជនទាំងពីរ សំដៅធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ រុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍភាពជាដៃគូប្រកបដោយនិរន្តរភាព ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សមភាព និងគោលការណ៍ដទៃទៀតនៃច្បាប់អន្តរជាតិ ដែលគាំទ្រដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សន្ធិសញ្ញានេះក៏រួមបញ្ចូលផងដែរនូវការផ្តល់ផ្នែកយោធាភ្លាមៗ និងទម្រង់ជំនួយផ្សេងទៀត ប្រសិនបើប្រទេសណាមួយប្រឈមមុខនឹងការវាយប្រហារដោយប្រដាប់អាវុធ ដូចដែលមានចែងក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top