ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣២៥ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញចេញពីប្រទេសតួកគី

afp

កាប៊ុល៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ។ ជនភៀសខ្លួនអាហ្វហ្គានីស្ថានសរុបចំនួន ៣២៥ នាក់ត្រូវបាននិរទេសទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដោយចេញពីទីក្រុងរបស់ប្រទេសតួកគី នៅក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ។

ទាំងជនចំណាកស្រុកអាហ្វហ្គានីស្ថានដែលមានឯកសារ និងគ្មានឯកសារបានមកដល់អាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ដោយបានឲ្យដឹងទៀតថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតឱកាសការងារសម្រាប់អ្នកដែលបានវិលត្រឡប់មកប្រទេសវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើបានកត់សម្គាល់ថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំងអស់ដែលត្រូវបាននិរទេសចេញពីប្រទេសតួកគី ត្រូវបានបញ្ជូនទៅទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ គឺអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកសម្រាប់ការគាំទ្រ និងជំនួយ ។

យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅក្នុងខែសីហា ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ១,៨លាននាក់បានវិលត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញពីប្រទេសនានា រួមទាំងប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ។

រដ្ឋាភិបាលប្រចាំការនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានជំរុញម្តងហើយម្តងទៀតនូវជនភៀសខ្លួនអាហ្វហ្គានីស្ថានឱ្យធ្វើការត្រលប់មកវិញ និងជួយស្តារមាតុភូមិដែលហែកហួរដោយសង្រ្គាមរបស់ពួកគេឡើងវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top