កូឡុំបូ ៖ ប្រទេសស្រីលង្កា ទទួលបានជាង២,៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីវិស័យទេសចរណ៍ ក្នុងរយៈពេល១០ ខែដើមឆ្នាំ២០២៤ នេះ ដែលនេះជាការកើនឡើង គួរឱ្យកត់សម្គាល់ចំនួន៥៩ ភាគរយបើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
សារព័ត៌មាន Daily News បានរាយការណ៍ឲ្យដឹងថា ប្រទេសស្រីលង្កា រកចំណូលបានចំនួន១៨៥.៦6 លានដុល្លារសហរដ្ឋអាមេរិក ពីវិស័យទេសចរណ៍ គិតនៅក្នុងខែតុលា ឆ្នាំ២០២៤នេះបើធៀបនឹងខែតុលា ឆ្នាំ២០២៣វិញ គឺបានកើនឡើង ដែលកាលនោះទទួលបានចំណូលចំនួន១៣៦.៧លានដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសស្រីលង្កា បានមើលឃើញពីការមក ដល់របស់ភ្ញៀវទេសចរជាង ១,៦លាននាក់ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤នេះ ដោយឃើញមានការកើនឡើង ចំនួន៤៤ភាគរយបើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
គេបានដឹងថា វិស័យទេសចរណ៍ គឺជាប្រភពចំណូលបរទេស ដ៏សំខាន់សម្រាប់ប្រទេសស្រីលង្កា ដែលគេបានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចំនួន២,៣លាននាក់នៅក្នុងឆ្នាំនេះ និង៣លាននាក់នៅឆ្នាំ ២០២៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា