បរទេស៖ អគ្គលេខាធិកាបក្សវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump ដោយពិភាក្សាអំពីទិសដៅពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
យោងតាមសារ ព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបសន្ទនា តាមទូរស័ព្ទនាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ពីទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស To Lam បានអបអរសាទរ ចំពោះលោក Donald Trump ដែលបាន ជាប់ឆ្នោតជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់លោកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការទំនាក់ទំនង ខាងក្រៅមជ្ឈិម។
ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនាពេលថ្មីៗនេះ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង ដើម្បីផលប្រយោជន៍ របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប ដោយចីរភាពក្នុងតំបន់ និងពិភពលោក។
អគ្គលេខាធិកា To Lam ក៏បានពិភាក្សា ជាមួយលោក Trump នូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យដែលភាគីទាំងពីរមានភាពរឹងមាំ និងតម្រូវការ។
ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក បាន បង្ហាញក្តីសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសជួប សន្ទនាជាមួយ អគ្គលេខាធិកាជាថ្មីម្តងទៀត ហើយបានសួរសុខទុក្ខដល់ប្រជាជនវៀតណាម ដោយជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍន៍ ។ លោកបានអះអាងនូវសារៈសំខាន់ នៃទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគី ដោយលើកឡើងអំពីវិស័យ មួយចំនួន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលអាមេរិកចាប់អារម្មណ៍ និងមានបំណងចង់ជំរុញ ។
លោក Trump បានចែករំលែកចំណាប់អារម្មណ៍ដ៏ល្អ របស់គាត់ចំពោះប្រជាជនវៀតណាម ដោយបានរំឮកដល់អនុស្សាវរីយ៍ របស់លោកអំពីប្រទេស និងប្រជាជនវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចពីរលើកមុនរបស់គាត់ ។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់សហគមន៍វៀតណាមនៅអាមេរិក។
ជាមួយគ្នានោះដែរ អគ្គលេខាធិកា To Lam ក៏បានអញ្ជើញ ប្រធានាធិបតីជាប់ឆ្នោត Trump ទៅបំពេញទស្សនកិច្ច នៅវៀតណាមម្តងទៀត ។ លោក Trump បានទទួលយកដោយរីករាយ និងបានអញ្ជើញ លោកអគ្គលេខាបក្ស To Lam មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកម្តងទៀត ក្នុងពេលវេលាសមស្របមួយ ៕
ប្រែសម្រួលៈ ណៃ តុលា